ទីក្រុងប៉េកាំង បានបញ្ចប់ជុំទី ១ នៃការធ្វើតេស្តរកអ្នកឆ្លង កូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ និងបានរកឃើញមនុស្សជាង ១០ នាក់ វិជ្ជមាននឹង វីរុស SARS-CoV-2 (កូវីដ-១៩) ក្នុងចំណោមមនុស្សជាច្រើនលាននាក់ ដែលត្រូវបានធ្វើតេស្ត។
តួលេខវិជ្ជមាននឹង កូវីដ-១៩ កើនឡើងខ្ពស់កាលពីចុងសប្ដាហ៍កន្លង បាននាំឱ្យក្រុមមន្ត្រីនៅ ទីក្រុងប៉េកាំង ប្រទេសចិន សម្រេចចិត្តធ្វើតេស្ត ៣ ជុំ ក្នុងទ្រង់ទ្រាយធំ។ បញ្ចប់ជុំទី ១ នៃការធ្វើតេស្តទ្រង់ទ្រាយធំ ប៉េកាំង បានរកឃើញមនុស្ស ១២ នាក់ វិជ្ជមាននឹង កូវីដ-១៩ ក្នុងចំណោមមនុស្សជិត ២០ លាននាក់ ដែលត្រូវបានធ្វើតេស្ត។
យោងតាមលោក Li Ang អនុប្រធានគណៈកម្មការសុខាភិបាលនៃ ទីក្រុងប៉េកាំង ក្នុងចំណោមសំណាកទាំង ១២ ករណី ដែលវិជ្ជមាននឹង កូវីដ-១៩ នេះ មាន ៣ ករណីស្ថិតក្នុង «តំបន់ដែលកំពុងបិទខ្ទប់» ក្រោយការរកឃើញករណីវិជ្ជមានដំបូង។ ក្រៅពីនេះគឺជាករណីដែលស្ថិតក្រៅតំបន់បិទខ្ទប់។
អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ ប្រទេសចិន Pang Xinghuo ឱ្យដឹងថា គិតចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ខែមេសា ទីក្រុងប៉េកាំង បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ ចំនួន ១៣៨ នាក់ ក្នុងនោះមានកុមារប្រហែល ១/។ លោក Pang បន្ថមថា ហានិភ័យបច្ចុប្បន្នគឺមានភាពធ្ងន់ធ្ងរ និងស្មុគស្មាញ។ អាជ្ញាធរត្រូវតែអនុវត្តវិធានការឱ្យបានម៉ត់ចត់ជាដាច់ខាត និងកែសម្រួលប្រកបដោយភាពបត់បែននូវវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតនេះ៕