ក្រុមមន្ត្រីរបស់ខេត្ត Belgorod ជាប់នឹងព្រំដែនរវាង អ៊ុយក្រែន-រុស្ស៊ី ប្រកាសថា មានករណីអគ្គិភ័យនៅឯឃ្លាំងដាក់គ្រាប់រំសេវ ប៉ុន្តែ មិនទាន់រកឃើញអ្នកស្លាប់ និងរងរបួសនៅឡើយ។
«ខ្ញុំទើបតែបានទាក់ទងទៅកាន់ Denis Zolotukhin មេដឹកនាំតំបន់ Golovinsky។ យោងតាមព័ត៌មានបឋម ឃ្លាំងដាក់គ្រាប់រំសេវមួយនៅក្បែរភូមិ Staraya Nelidovka ត្រូវបានភ្លើងឆាបឆេះ» លោក Vyacheslav Gladkov អភិបាលខេត្ត Belgorod បង្ហោះសារនៅលើ Telegram នាថ្ងៃទី ២៧ មេសាដូច្នេះ។ មុននោះ លោកអភិបាល Gladkov ឱ្យដឹងថា លោកបានភ្ញាក់ដឹងខ្លួនពីដំណេក ដោយសារតែសំឡេងលាន់ឮដូចសំឡេងផ្ទុះ។
«អគ្គិភ័យនៅឯឃ្លាំងគ្រាប់រំសេវ Staraya Nelidovka ត្រូវបានពន្លត់អស់ហើយ។ Sergey Potapov ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នរបស់ខេត្ត Belgorod បានប្រាប់ថា ពុំមានអ្នករងរបួស និងស្លាប់នោះទេ ហើយផ្ទះសំបែងក៏មិនមានខូចខាតដែរ» លោក Gladkov ប្រកាសដូច្នេះ ប៉ុន្តែ មិនទាន់បានបង្ហើបឱ្យដឹងពីមូលហេតុនៅឡើយដែលនាំឱ្យកើតមានអគ្គិភ័យនេះទេ។
ខេត្ត Belgorod ស្ថិតនៅភាគខាងលិចរបស់ ប្រទេសរុស្ស៊ី ជាប់នឹងតំបន់ Luhansk, Sumy និង Kharkov របស់ អ៊ុយក្រែន។ ទីក្រុងមូស្គូ ក្នុងខែនេះបានចោទប្រកាន់ អ៊ុយក្រែន ថា បានវាយប្រហារឃ្លាំងប្រេងមួយនៅខេត្ត Belgorod ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងកាំភ្លើង បណ្ដាលឱ្យអគារ និងសំណង់ជាច្រើនត្រូវខូចខាត។
ចំណែកភាគីខាង អ៊ុយក្រែន មិនទាន់មានប្រតិកម្មអ្វីទៅនឹងព័ត៌មានខាងលើនេះនៅឡើយ។