គណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី ២៦ មេសា ឱ្យដឹងថា កំពុងត្រៀមប្រកាសថា សហភាពអឺរ៉ុប (EU) បានឆ្លងផុតដំណាក់កាលអាសន្ននៃជំងឺរាតត្បាតសកលកូវីដ-១៩ និងឈានចូលដល់ដំណាក់កាលថ្មី។
យោងតាមប្រភពព័ត៌មានពី ព្រុចសែល សេចក្ដីព្រាងនៃប្រកាសរបស់ EC ដែលគ្រោងនឹងដាក់ចេញដើម្បីធ្វើការអនុម័តក្នុងថ្ងៃទី ២៧ មេសា បង្ហាញថា ការឆ្លងផុតដំណាក់កាលនេះកើតឡើងបន្ទាប់ពីអត្រានៃការឆ្លង និងស្លាប់ដោយសារកូវីដ-១៩ នៅ EU ថយចុះជាបន្តបន្ទាប់ ដោយសារតែ អូមីក្រុង មិនកាចសាហាវជាងបណ្ដាវ៉ារ្យ៉ង់មុនៗ និងដោយសារភាពស៊ាំកើនដល់ជាង ៧០% នៅ អឺរ៉ុប ក្នុងនោះមានប្រជាជនចំនួនពាក់កណ្ដាលបានចាក់វ៉ាក់សាំងដូសជំរុញ។
ក៏ប៉ុន្តែ អង្គការសុខភាពពិភពលោក (WHO) យល់ថា ជំងឺរាតត្បាតសកលកូវីដ-១៩ មិនទាន់ចប់នៅឡើយ។ ចំណែក EU ព្រមានថា ជាក់ស្ដែង «កូវីដ-១៩ នៅតែមានវត្តមាននៅទីនេះ» ហើយវីរុសបំប្លែងខ្លួនថ្មីផ្សេងទៀតអាចនឹងបង្ហាញខ្លួន។ EU បន្ថែមថា ការប្រុងប្រយ័ត្ន និងការត្រៀមបង្ការ នៅតែជារឿងចាំបាច់។
ក្រុមប្រទេសនៅ EU ត្រូវបានលើកទឹកចិត្តឱ្យរក្សាស្ថានការណ៍ដើមរបស់ខ្លួន និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ករណីបន្ទាន់ បើសិនជាចាំបាច់។
យោងតាម EC គេត្រូវការចំណាត់ការថ្មីនៅក្នុងការតាមដានជំងឺរាតត្បាតទៅតាមប្រព័ន្ធជាក់លាក់ ដែលវិធីនេះត្រូវបានប្រទេសមួយចំនួនរបស់ EU បោះបង់រួចហើយ។ សេចក្ដីព្រាងរបស់ EC សង្កត់ធ្ងន់ថា វ៉ាក់សាំងនៅតែចាំបាច់ក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ និងស្នើឱ្យបណ្ដាប្រទេសនៅ EU ពិនិត្យលើយុទ្ធនាការដើម្បីបង្កើនការចាក់វ៉ាក់សាំងជូនដល់ក្មេងៗ ឱ្យបានមុនឆ្នាំសិក្សាថ្មី។