Skip to content

ប្រធានាធិបតី​រុស្ស៊ី ប្រាប់​មេដឹកនាំ​អង្គការ​សហប្រជាជាតិ​ ថា ការចរចា​ជាមួយ អ៊ុយ​ក្រែ​ន នៅមាន​សង្ឃឹម

ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន បាន​ប្រាប់ មេដឹកនាំ​អង្គការសហប្រជាជាតិ ​អង់តូ​នីញូ ហ្គុយតេ​រេស (Antonio Guterres) ថា លោក​នៅតែមាន​សង្ឃឹម​ទាក់ទិន​នឹង​កិច្ចចរចា​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

«បើទោះជា​ជាក់ស្ដែង សកម្មភាព​យោធា​កំពុង​កើតឡើង ប៉ុន្តែ យើង​នៅតែ​សង្ឃឹមថា អាច​សម្រេចបាន​កិច្ចព្រមព្រៀង​តាមរយៈ​ការទូត» លោក ពូ​ទីន ថ្លែង​ដូច្នេះ​នៅពេល​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​អង្គការសហប្រជាជាតិ នៅ មូ​ស្គូ កាលពី​ម្សិលមិញ។ លោក ពូ​ទីន បន្ថែមថា យើង​នៅតែ​ធ្វើការ​ចរចា មិនមែន​បដិសេធ​វា​ទេ»។

ប្រធានាធិបតី​រុស្ស៊ី បាន​អះអាង​ប្រា​ប់លោក ​អង់តូ​នីញូ ហ្គុយតេ​រេស ថា លោក «ដឹង​ច្បាស់​អំពី​ការព្រួយបារម្ភ​ចំពោះ​សកម្មភាព​យោធា​របស់ រុស្ស៊ី» នៅ អ៊ុយ​ក្រែ​ន និង​ត្រៀម​ជានិច្ច​សម្រាប់​ការចរចា ប៉ុន្តែ លោក​សង្កត់ធ្ងន់ថា ស្ថានការណ៍​ច្របូកច្របល់​នៅ​ប្រទេសជិតខាង​មួយ​នេះ កើតឡើង​ពី «រដ្ឋប្រហារ​ប្រឆាំង​រដ្ឋាភិបាល» កាលពី​ឆ្នាំ ២០១។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក ​អង់តូ​នីញូ ហ្គុយតេ​រេស ក៏បាន​រំលឹក​ឡើងវិញ​នូវ​ការអំពាវនាវ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov ថា មូ​ស្គូ និង កៀវ គួរតែ​សហការ​ជាមួយ អង្គការសហប្រជាជាតិ ដើម្បី​បង្កើត​ច្រក​សម្រាប់​ជំនួយ​ផ្នែក​មនុស្សធម៌ និង​ជម្លៀស​ប្រជាជន​ស៊ីវិល។

Stephane Dujarric អ្នកនាំពាក្យ​របស់ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និយាយថា លោក ពូ​ទីន ឯកភាព​លើ គោលការណ៍ ជាមួយ អង្គការសហប្រជាជាតិ និង គណៈកម្មការ​កាកបាទ​ក្រហម​អន្តរជាតិ ស្ដីពី​ការចូលរួម​ជ្លៀស​ប្រជាជន​ស៊ីវិល ចេញពី​រោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង Mariupol។

លោក Dujarric បន្ថែមថា កិច្ចចរចា​បន្ទាប់​នឹងធ្វើ​ឡើង​រវាង ការិយាល័យ​មនុស្សធម៌ របស់ អង្គការសហប្រជាជាតិ និង ក្រសួងការពារជាតិរ​បស់ រុស្ស៊ី។

នេះ​គឺជា​ទស្សនកិច្ច​ដំបូង​របស់លោក ​អង់តូ​នីញូ ហ្គុយតេ​រេស ទៅកាន់ មូ​ស្គូ រាប់​ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ តាម​គម្រោង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នឹង​ទៅកាន់ រដ្ឋធានី​កៀវ បន្ទាប់ពី​បានបញ្ចប់​ទស្សនកិច្ច​នៅ រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *