រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ ប្រទេសវៀតណាម នៅថ្ងៃទី ២៦ មេសា ឱ្យដឹងថា នឹងលុបចោលបទបញ្ជាតម្រូវឱ្យរាយការណ៍ផ្នែកសុខាភិបាលនាពេលខាងមុខ ក្នុងគ្រាដែល នាយកដ្ឋានបង្ការផ្នែកសុខាភិបាល កំពុងកសាងការណែនាំថ្មី។
«វៀតណាម លែងអនុវត្តការវិធានការស្រាវជ្រាវ តាមដានជំងឺរាតត្បាត និងកំពុងវិលត្រលប់ទៅរកជីវភាពធម្មតាវិញ ដូច្នេះមិនតម្រូវឱ្យរាយការណ៍ផ្នែកសុខាភិបាលក្នុងស្រុកទៀតទេ» លោក ង្វៀន ធាញ់ ឡុង (Nguyen Thanh Long) រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម ថ្លែងដូច្នេះនាព្រឹកថ្ងៃទី ២៦ មេសានេះ។ លោកថា នាយកដ្ឋានបង្ការផ្នែកសុខាភិបាល នឹងមានបទបញ្ជាណែនាំជាជំហានៗនៅក្នុងដំណើរឆ្ពោះទៅរកស្ថានភាពធម្មតា។
បច្ចុប្បន្ន គេមិនទាន់ដឹងថា បទបញ្ជាតម្រូវឱ្យរាយការណ៍ផ្នែកសុខាភិបាល នឹងត្រូវបានដកចេញពេលណានៅឡើយ។ ចាប់តាំងពី កូវីដ-១៩ បានបង្ហាញខ្លួន ការរាយការណ៍ផ្នែកសុខាភិបាលរបស់ប្រជាជន គឺជាវិធានការទប់ស្កាត់ការឆ្លងវីរុស ១ នៅក្នុងចំណោម ៥ ដែល វៀតណាម បានអនុវត្ត។
នៅពេលបញ្ហាកូវីដ-១៩ កំពុងធូរស្បើយបន្តិចម្ដងៗ មេដឹកនាំមូលដ្ឋានជាច្រើនបានស្នើឱ្យ ក្រសួងសុខាភិបាល កែសម្រួលវិធានការទាំង ៥ ដែលរួមមាន ពាក់ម៉ាស, សម្អាតមេរោគ, រក្សាគម្លាត, រាយការណ៍សុខាភិបាល និងបម្រាមលើការជួបជុំ ឱ្យមកនៅត្រឹម ២ ប្រការវិញ គឺ ពាក់ម៉ាស និងសម្អាតមេរោគ ដើម្បីឱ្យសមស្របទៅនឹងស្ថានការណ៍ថ្មី៕