ក្រសួងការបរទេសអាម៉េរិក បានប្រកាសស្ថានការណ៍បន្ទាន់ជាលើកដំបូងនៅក្នុងសម័យ ចូ បៃដិន ដើម្បីអនុម័តលក់គ្រាប់កាំភ្លើងធំឱ្យ អ៊ុយក្រែន ដោយមិនឆ្លងកាត់ការពិនិត្យរបស់សភា។
អង្គភាពសហការសន្តិសុខការពារជាតិ (DSCA) របស់ មន្ទីរបញ្ចកោណ កាលពីម្សិលមិញបានប្រកាសថា ក្រសួងការបរទេសអាម៉េរិក បានអនុម័តកិច្ចព្រមព្រៀងដែលមានសក្ដានុពល ដើម្បីលក់ «គ្រាប់កាំភ្លើងប្រភេទមិនស្ដង់ដា (ឬ Non-Standard Ammunition គឺជាពាក្យសម្រាប់ហៅគ្រាប់កាំភ្លើងដែលផលិតទៅតាមស្ដង់ដាររបស់ សូវៀត និងមិនគោរពតាមស្ដង់ដាររបស់ ណាតូ) ឱ្យ អ៊ុយក្រែន ក្នុងតម្លៃ ១៦៥ លានដុល្លារអាម៉េរិក។
អង្គភាពនេះមិនបានប្រកាសជូនដំណឹងដល់សភាអាម៉េរិក មុននោះមួយថ្ងៃ ទៅតាមការកំណត់ឡើយ។ ក៏ប៉ុន្តែ ក្រសួងការបរទេសអាម៉េរិក បានប្រកាសស្ថានការណ៍អាសន្ន ដើម្បីពន្លឿននីតិវិធីលក់អាវុធ ដោយមិនចាំបាច់រង់ចាំសភាពិនិត្យក្នុងរយៈពេល ៣០ ថ្ងៃ ដូចទៅនឹងកិច្ចព្រមព្រៀងធម្មតា។
នេះគឺជាលើកទីមួយហើយដែល ទីក្រុងវ៉ាស៊ីងតោន បានប្រើប្រាស់មធ្យោបាយប្រកាសស្ថានការណ៍បន្ទាន់ដើម្បីលក់អាវុធ រាប់ចាប់តាំងពីលោក ចូ បៃដិន បានឡើងកាន់អំណាច។