Skip to content

«រុស្ស៊ី បរាជ័យ​នៅ អ៊ុយ​ក្រែ​ន» នេះ​ជាការ​អះអាង​របស់ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ពេលធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង​កៀវ

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក យល់ថា រុស្ស៊ី មិន​សម្រេចបាន​គោលដៅ​ក្នុង​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន ទន្ទឹមនឹងនេះ​ក៏បាន​ប្រកាស​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី​ដល់ ទីក្រុង​កៀវ។

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អង់​តូ​នី ប្លី​ន​ខេន (Antony Blinken) ឱ្យដឹងថា លោក និង​រដ្ឋមន្ត្រី​ការពារជាតិ ឡយ អូ​ស្ទី​ន (Lloyd Austin) បាន​ពិភាក្សាគ្នា​រយៈពេល ៣ ម៉ោង ជាមួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី រួម​ជាមួយនឹង​ក្រុមទី​ប្រឹក្សា​ជាន់ខ្ពស់​របស់លោក នៅ រដ្ឋធានី​កៀវ ក្នុង​ដំណើរ​ទស្សនកិច្ច​សម្ងាត់​មួយ​កាលពី​ថ្ងៃទី ២៤ មេសា។

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមមន្ត្រី​ជាន់ខ្ពស់​បំផុតរ​បស់ សហរដ្ឋ​អាម៉េរិក ទៅកាន់ អ៊ុយ​ក្រែ​ន រាប់​ចាប់តាំងពី រុស្ស៊ី បាន​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។

«រុស្ស៊ី ស្វែងរក​វិធី​សម្រេច​គោលដៅ​ដកហូត​ឯករាជ្យ បូរណភាព​ទឹកដី របស់ អ៊ុយ​ក្រែ​ន ដោយ​ប្រើប្រាស់​កម្លាំងយោធា សេដ្ឋកិច្ច ទៅលើ អ៊ុយ​ក្រែ​ន ប៉ុន្តែ ពួកគេ​បាន​បរាជ័យ» លោក Blinken ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីតាំង​សម្ងាត់​ក្នុង​តំបន់​ព្រំដែន​រវាង ប៉ូឡូញ-អ៊ុយ​ក្រែ​ន ក្រោយពី​បាន​ចាក​ចេញពី រដ្ឋធានី​កៀវ។

ភាគី​ខាង រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ប្រកាស​របស់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក នៅឡើយ។ កន្លងមក ក្រសួងការពារជាតិ​រុស្ស៊ី ធ្លាប់បាន​ឱ្យដឹងថា គោលដៅ​នៃ​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន គឺ​ដើម្បី «បំបាត់​ហ្វា​ស៊ី​ស​និយម បំបាត់​ការធ្វើ​យោ​ធូប​នីយកម្ម» របស់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន ក៏ដូចជា​ការពារ​ពល​រដ្ឋ​និយាយ​ភាសា​រុស្ស៊ី នៅក្នុង​តំបន់ Donbass ប៉ុន្តែ​មិន​ស្វែងរក​វិធី​ផ្លាស់ប្ដូរ​របប​នៅ​ប្រទេស​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក អូ​ស្ទី​ន និង​លោក ប្លី​ន​ខេន ក៏បាន​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី តម្លៃ ៧១៣ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន រួម​នឹង​​ប្រទេស​ជា​សម្ព័ន្ធមិត្ត និង​ដៃគូ​សហការ ១៥ ផ្សេងទៀត ក្នុងនោះ ទីក្រុង​កៀវ ទទួលបាន​ប្រហែល ៣២២ លាន​ដុល្លារ​អាម៉េរិក។

Leave a Reply

Your email address will not be published. Required fields are marked *