Skip to content

ចិន នឹង​បាញ់​បង្ហោះ​យានអវកាស​ទៅបុក​អាចម៍ផ្កាយ​ក្បែរ​ផែនដី ចាប់​ពី​ឆ្នាំ​ ២០២៥

ក្រុមមន្ត្រី​ចិន កំពុង​រៀបចំ​ផែន​បាញ់​បង្ហោះ​យាន​ទៅបុក​អាចម៍ផ្កាយ ដើម្បី​ផ្លាស់ប្ដូរ​គន្លង​គោចរ​របស់​វា​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

Wu Yanhua អនុប្រធាន​នៃ ទីភ្នាក់ងារ​អវកាស​ចិន ឱ្យដឹងថា ប្រទេស​ចិន បានចាប់ផ្ដើម​គម្រោង​ក​សាង​ប្រព័ន្ធ​ប្រឆាំង​អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី។ ពួកគេ​កំណត់​គោលដៅ​តាមដាន​អាចម៍ផ្កាយ​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ផែនដី រួច​បញ្ជា​ឱ្យ​យាន​ហោះ​ទៅបុក​ដុំ​អាចម៍ផ្កាយ​នោះ​ដើម្បី​បង្វែរ​គន្លង​គោចរ​របស់​វា នៅ​ឆ្នាំ ២០២៥-២០២៦ ដែលជា​ជំហាន​បន្ទាប់​នៅក្នុង​កម្មវិធី​អវកាស​របស់ ប្រទេស​ចិន។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​ទីភ្នាក់ងារ​អវកាស​ចិន (CNSA)។

ក្រៅពីនេះ ប្រទេស​ចិន ក៏​នឹង​ចាប់ផ្ដើម​ដំណាក់កាល​ទី ៤ នៃ​កម្មវិធី​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ នៅក្នុង​ឆ្នាំ ២០២២ នេះ​ផងដែរ ដែល​ក្នុងនោះ​រួមមាន ការបាញ់​បង្ហោះ​យាន​ស្រាវជ្រាវ Chang’e ៦, ៧ និង ៨ ទៅកាន់​ឋាន​ព្រះ​ចន្ទ និង​សាងសង់​ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​អន្តរជាតិ។

បេសក​កម្ម Chang’e ៤ នៅ​ឋាន​ព្រះចន្ទ

កម្មវិធី​ស្រាវជ្រាវ​ព្រះ​ចន្ទ ថ្មី​បំផុត របស់ ចិន ត្រូវបាន​អនុម័ត​កាលពី​ចុងឆ្នាំ ២០២១ និង​ចែកចេញជា ៣ ដំណាក់កាល។ បេសកកម្ម​របស់ Chang’e ៦, ៧ និង ៨ នឹង​ចាប់ផ្ដើម​ហោះហើរ​ឱ្យបាន​មុន​ឆ្នាំ ២០៣។ Wu បានឱ្យដឹងថា គោលដៅ​ចម្បង​គឺ​ស្រាវជ្រាវ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​សម្រាប់​ស្ថានីយ​ស្រាវជ្រាវ។

បេសកកម្ម Chang’e ៦ នឹង​រក​វិធី​ប្រមូល​សំណាក​ដី​ពី ១ ទៅ ២ គីឡូក្រាម ពី​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ និង​នាំយក​មកកាន់​ផែនដី។ មុន​នោះ បេសកកម្ម Chang’e ៤ បាន​នាំយក​សំណាក​ដី​ព្រះ​ចន្ទ ១.៧៣ គីឡូក្រាម មកកាន់​ផែនដី​រួចហើយ​កាលពី​ឆ្នាំ ២០២០។

បេសកកម្ម Chang’e ៧ នឹង​ចុះចត​លើ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ ដើម្បី​ស្រាវជ្រាវ និង​ស្វែងរក​ដាន​ទឹកកក។ ដំណាក់កាល​ចុងក្រោយ​គឺ បេសកកម្ម Chang’e ៨ ដែល​ត្រូវធ្វើ​ការទាញយក​ធនធាន​នៅលើ​ឋាន​ព្រះ​ចន្ទ និង​បង្កើត​ស្ថានីយ​ស្រាវជ្រាវ​នៅ​ទីនោះ។ តាម​គម្រោង យាន​សម្រាប់​បេសកកម្ម Chang’e ៦ និង ៧ នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ឆ្នាំ ២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *