អគ្គិភ័យយ៉ាងធំបានកើតឡើងនៅព្រឹកនេះ នៅឯឃ្លាំងប្រេងរបស់ ប្រទេសរុស្ស៊ី នាទីក្រុង Bryansk ក្បែរព្រំដែនអ៊ុយក្រែន ប៉ុន្តែមិនទាន់ដឹងច្បាស់អំពីការខូចខាត។
«អង្គភាពស្ថានការណ៍បន្ទាន់បញ្ជាក់ថាមានអគ្គិភ័យ» ការិយាល័យសារព័ត៌មានរបស់អាជ្ញាធរតំបន់ Bryansk ថ្ងៃទី ២៥ មេសានេះ ឱ្យដឹងដូច្នេះ ទាក់ទងនឹងដំណឹងស្ដីពីករណីឆេះឃ្លាំងប្រេង។ «អណ្ដាតភ្លើងបានផ្ទុះឆេះចេញពីធុងដាក់ប្រេង»។
ក្រុមមន្ត្រីនៃទីក្រុង Bryansk ដែលមានចម្ងាយពីព្រំដែនជាប់នឹង អ៊ុយក្រែន ប្រហែល ១០០ គីឡូម៉ែត្រ បានទទួលព័ត៌មានស្ដីពីអគ្គិភ័យនៅវេលាម៉ោង ២ (ម៉ោង ៦ នៅ កម្ពុជា)។ កងកម្លាំងពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ និងបានរាយការណ៍ថា ឃ្លាំងប្រេងកំពុងឆាបឆេះ។
អង្គភាពស្ថានការណ៍បន្ទាន់នៅតំបន់ Bryansk មិនទាន់ប្រកាសព័ត៌មានបន្ថែមអំពីករណីអគ្គិភ័យនេះ ហើយបច្ចុប្បន្ន ក្រុមមន្ត្រីក៏មិនទាន់ដឹងច្បាស់ថា អគ្គិភ័យនេះមានជាប់ទាក់ទិននឹងសង្គ្រាមនៅ អ៊ុយក្រែន ឬយ៉ាងណានៅឡើយ។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លង ក្រុមមន្ត្រីរុស្ស៊ី បានឱ្យដឹងថា ឧទ្ធម្ភាគចក្ររបស់ អ៊ុយក្រែន បានបាញ់ប្រហារសំដៅលើអគារស្នាក់នៅនានា និងបណ្ដាលឱ្យមានអ្នករងរបួស ៧ នាក់ នៅតំបន់ Bryansk របស់ រុស្ស៊ី។