ប្រភពព័ត៌មានពី អាហ្វ្រិកខាងជើង ឱ្យដឹងថា អាជ្ញាធរទុយនីស៊ី កាលពីថ្ងៃទី ២៤ មេសា ប្រកាសថា បានរកឃើញសាកសពរបស់ក្រុមជនចំណាក់ស្រុកចំនួន ១៧ នាក់ បន្ទាប់ពីទូក ៤ គ្រឿង ព្យាយាមឆ្លងកាត់ សមុទ្រមេឌីទែរ៉ាណេ ដើម្បីទៅកាន់ អឺរ៉ុប ត្រូវជួបនឹងគ្រោះថ្នាក់លើសមុទ្រ។
មន្ត្រីតុលាការក្នុងតំបន់ ឱ្យដឹងថា ទូក «បណ្ដោះអាសន្នដែលមានសភាពទ្រុឌទ្រោម» ទាំងនេះ ចេញដំណើរក្នុងថ្ងៃទី ២២ ឬ ២៣ មេសា ពីទីក្រុង Sfax របស់ ទុយនីស៊ី នៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ សាកសពចំនួន ១៧ នាក់ ត្រូវបានគេស្រង់ឡើងក្នុងដំណាក់កាលដំបូង ប៉ុន្តែតួលេខនេះអាចកើនឡើងបន្តទៀត។
ជនរងគ្រោះដែលបានរួចពីការស្លាប់នៅក្នុងករណីលិចទូកនេះនិយាយថា មនុស្សប្រហែលពី ៣០ ទៅ ៣២ នាក់ ជិតនៅលើទូកនីមួយៗ ហើយភាគច្រើនជាពលរដ្ឋមកពី តំបន់អាហ្វ្រិក ក្បែរ សាហារ៉ា រួមមានពលរដ្ឋរបស់ កូតឌីវ័រ, ម៉ាលី និង សូម៉ាលី។
ប្រទេសទុយនីស៊ី និងប្រទេសលីប៊ី គឺជាទីតាំងចេញដំណើរដ៏ពេញនិយមរបស់ក្រុមជនចំណាកស្រុកដែលមានបំណងទៅកាន់អឺរ៉ុប ពិសេសគឺ អ៊ីតាលី។ ក៏ប៉ុន្តែ មធ្យោបាយធ្វើដំណើររបស់ពួកគេតែងតែជាទូក ឬកប៉ាល់ដែលស្ទើរតែមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឆ្លងកាត់សមុទ្រ។
អង្គការចំណាកស្រុកអន្តរជាតិ (IOM) ឱ្យដឹងថា មានមនុស្សជិត ២,០០០ នាក់ បានលង់ទឹកស្លាប់ ឬបាត់ខ្លួននៅ សមុទ្រមេឌីទែរ៉ាណេ ក្នុងឆ្នាំ ២០២១ ច្រើនជាងឆ្ងាយធៀបនឹង ១,៤០១ នាក់ ក្នុងឆ្នាំ ២០២០។ នេះគឺជាផ្លូវចំណាកស្រុកដែលគ្រោះថ្នាក់បំផុតក្នុងពិភពលោក ប៉ុន្តែ ក្រុមមនុស្សដែលសង្ឃឹមថា នឹងមានជីវភាពល្អប្រសើរនៅពេលទៅដល់ អឺរ៉ុប មានការផ្សេងព្រេងកាន់តែច្រើនឡើង៕