ប្រធានាធិបតី Macron ប្រកាសថា បារាំង ដឹកជញ្ជូនកាំភ្លើងធំ CAESAR និងមីស៊ីលប្រឆាំងរថក្រោះ ឱ្យ អ៊ុយក្រែន ប៉ុន្តែមិនបានបង្ហើបឱ្យដឹងអំពីចំនួនអាវុធនេះទេ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី ២២ មេសា ថ្លែងថា បារាំង «កំពុងផ្គត់ផ្គង់ឧបករណ៍សំខាន់ៗ តាំងពីមីស៊ីលប្រឆាំងរថក្រោះ MILAN ដល់កាំភ្លើងធំបំពាក់លើរថយន្ត CAESAR» ឱ្យ អ៊ុយក្រែន។
«ខ្ញុំគិតថា យើងត្រូវតែបន្តដើរលើផ្លូវនេះ ប៉ុន្តែ ត្រូវដឹងអំពីបន្ទាត់ក្រហមដែលថា យើងនឹងមិនក្លាយជាភាគីមួយនៃសង្គ្រាម» លោក Macron បានប្រាប់សារព័ត៌មាន Ouest-France ដូច្នេះ។
លោក Macron បន្ថែមថា ទាហានអ៊ុយក្រែន ប្រមាណ ៤០ នាក់ នឹងបានហ្វឹកហាត់ក្នុងការគ្រប់គ្រងអាវុធថ្មីនេះនៅ ប្រទេសបារាំង ចាប់ពីថ្ងៃទី ២៣ មេសា។ ចំណែក រដ្ឋមន្ត្រីការពារជាតិបារាំង Florence Parly ក្រោយមកក៏បានបញ្ជាក់ថា ប្រទេសនេះនឹងផ្ទេរ «កាំភ្លើងធំ CAESAR មួយចំនួន រួមនឹងគ្រាប់កាំភ្លើងរាប់ពាន់គ្រាប់» ឱ្យ អ៊ុយក្រែន។
វិមានអេលីស៊ី បានបដិសេធការបង្ហើបឱ្យដឹងអំពីចំនួនអាវុធដែលនឹងត្រូវផ្ទេរឱ្យ អ៊ុយក្រែន ព្រោះមិនចង់ធ្វើឱ្យបែកការណ៍ ប៉ុន្តែ បានប្រាប់ថា មីស៊ីលប្រឆាំងរថក្រោះ MILAN ត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន រួចហើយ ចំណែកកាំភ្លើងធំ នឹងត្រូវបានដឹកទៅប្រគល់ឱ្យ ទីក្រុងកៀវ នៅប៉ុន្មានថ្ងៃខាងមុខ។