អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក Sherman បានព្រមានថា នឹងដាក់ទណ្ឌកម្ម ព្រមទាំងត្រួតពិនិត្យ រឹតត្បិតលើការនាំចេញទំនិញចំពោះ ប្រទេសចិន បើសិនប្រទេសនេះជួយដល់យុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន។
«ពួកគេ (ប្រទេសចិន) បានឃើញវិធានការដាក់ទណ្ឌកម្ម ត្រួតពិនិត្យការនាំចេញដែលយើងបានធ្វើឡើងចំពោះ រុស្ស៊ី។ ដូច្នេះ ពួកគេដឹងថា យើងអាចធ្វើអ្វីបាន បើសិន ចិន ជួយផ្ដល់សម្ភារៈនានាដល់ រុស្ស៊ី» អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក Wendy Sherman ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅឯ ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី ២១ មេសា។
លោកស្រី Sherman ចោទប្រកាន់ រដ្ឋាភិបាលចិន ថា បាន «បំប៉ោងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ រុស្ស៊ី» ហើយថា លោកស្រីសង្ឃឹមថា ទីក្រុងប៉េកាំង នឹងដកយកបទពិសោធន៍ពី «មេរៀនដ៏ត្រឹមត្រូវ» ស្ដីពីសង្គ្រាមនៅ អ៊ុយក្រែន ក្នុងនោះក៏មានបញ្ហាដែលពួកគេមិនអាចបំបែកបំបាក សហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្ត។
អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក រូបនេះ បន្ថែមថា ទីក្រុងវ៉ាស៊ីងតោន កំពុងព្យាយាមជៀសវាងការបណ្ដោយឱ្យមានភាពតានតឹងកើនឡើងរវាងមហាអំណាច រហូតដល់ថ្នាក់មិនអាចគ្រប់គ្រងបាន។
ប្រកាសរបស់លោកស្រី Sherman គឺជាការព្រមានថ្មីបំផុតពីសំណាក់ សហរដ្ឋអាម៉េរិក ទាក់ទិននឹងលទ្ធភាពនៃការដាក់ទណ្ឌកម្មលើ រដ្ឋាភិបាលចិន បើសិនហ៊ានជួយដល់ រុស្ស៊ី។ មុននោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក Janet Yellen និងប្រធានអង្គភាពស៊ើបការណ៍សម្ងាត់ (CIA) Nicholas Burns ក៏ធ្លាប់ព្រមានថា ចិន នឹងប្រឈមមុខជាមួយនឹងផលវិបាកធ្ងន់ធ្ងរ បើសិនជួយ រុស្ស៊ី។
យោងតាមស្ថាប័នគយចិន ប្រទេសនេះ គឺជាទីផ្សារនាំចេញលំដាប់កំពូលរបស់ រុស្ស៊ី បន្ទាប់ពី សហភាពអឺរ៉ុប។ ទំនិញនាំចេញរបស់ រុស្ស៊ី ទៅកាន់ ប្រទេសចិន មានតម្លៃ ៧៩.៣ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១ ក្នុងនោះ ប្រេង ឧស្ម័ន មានរហូតដល់ ៥៦%៕