វៀតណាម អភិវឌ្ឍ​កាំជ្រួច​ហ្វូង​ចល័ត សម្រាប់​បាញ់​ពន្លត់​អគ្គិភ័យ​ពី​ចម្ងាយ

ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ពន្លត់​អគ្គិភ័យ​មាន​ទម្ងន់ ៤០០ គីឡូក្រាម ដែលមាន​កាណុង​ចំនួន ២០ នេះ គឺជា​ឧបករណ៍​បច្ចេកទេសរ​បស់​រោងចក្រ Z១១៣ ផលិតឡើង​ក្នុង​បំណង​បម្រើ​ដល់​បេសកកម្ម​ពន្លត់​អគ្គិភ័យ​ដែល​មនុស្ស​ពិបាក​ចូលដល់។

ប្រព័ន្ធ​នេះ​អាច​បាញ់​បាន ១២០ គ្រាប់ ក្នុង​រយៈពេល ១ នាទី និង​បាញ់​បាន​ចម្ងាយ ២៥០ ម៉ែត្រ ប្រកបដោយ​ប្រសិទ្ធភាព។

អនុសេនីយ៍ឯក Nguyen Duong Manh មកពី​រោងចក្រ Z១១៣ របស់ អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ការពារជាតិ នៃ ក្រសួងការពារជាតិ​វៀតណាម ឱ្យដឹងថា ឧបករណ៍​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ចូលរួម​ពន្លត់​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ ដូចជា ភ្លើង​ឆេះ​ព្រៃ ករណី​អគ្គិភ័យ​មាន​សារធាតុពុល និង​អគ្គិភ័យ​ដែល​មនុស្ស​មិនអាច​ចូលទៅ​ក្បែរ​ជាដើម។ លោក​បន្ថែមថា ចំណុចខ្លាំង​របស់​ឧបករណ៍​នេះ គឺមាន​ភាពសាមញ្ញ អាចដាក់​លើ​រថយន្ត និង​អាច​ផ្លាស់​ទី​បាន​យ៉ាង​ឆាប់រហ័ស។

ឧបករណ៍​នេះ​មាន​បំពាក់​កាមេរ៉ា អង្គ​ញាណ​វាស់​វេ​ងរ​យៈ​ចម្ងាយ​របស់​គោលដៅ រួច​បញ្ជូន​ទិន្នន័យ​មកកាន់​កុំព្យូទ័រ ដើម្បី​អាច​សម្រេច​ថា គួរ​បាញ់​មួយ​គ្រាប់​ម្ដង ឬ​បាញ់​ជា​ហ្វូង នេះ​បើតាម អនុសេនីយ៍ឯក Nguyen Van Sau មកពី​រោងចក្រ Z១១៣។

នៅក្នុង​គ្រាប់​កាំជ្រួច​ពន្លត់​អគ្គិភ័យ​នេះ​មាន​ផ្ទុក​ម្សៅ​ពន្លត់ភ្លើង ៣ គីឡូក្រាម។ នៅពេល​បាញ់ ក្បាល​គ្រាប់​ដែលមាន​ផ្ទុក​ម្សៅ​ពន្លត់ភ្លើង​នឹង​ត្រូវបាន​រុញច្រាន​ទៅមុខ​ដោយ​កម្លាំង​ចំហេះ​ក្នុង​របស់​គ្រាប់​កាំជ្រួច ហើយ​ពេល​ហោះ​ទៅដល់​គោលដៅ ក្បាល​គ្រាប់​នឹង​ផ្ទុះឡើង បាច់សាច​ម្សៅ​ដូច​ទៅនឹង​ការផ្ទុះ​គ្រាប់បែកដៃ ប៉ុន្តែ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស។

ប្រព័ន្ធ​កាំជ្រួច​ពន្លត់​អគ្គិភ័យ​ចល័ត​នេះ​ត្រូវបាន​អភិវឌ្ឍ​ក្នុង​រយៈពេល ១ ឆ្នាំ ហើយ​បច្ចុប្បន្ន​ស្ថិតក្នុង​ដំណាក់​កាល​​អភិ​វ​ឌ្ឍ​ពេញ​លេញជា​ស្ថា​ព័រ។

Leave a Comment