អតីតប្រធានាធិបតីរបស់ ប្រទេសហុងឌូរ៉ាស ត្រូវបានធ្វើបត្យាប័នទៅកាន់ សហរដ្ឋអាម៉េរិក ដើម្បីកាត់ទោសក្រោមបទចោទថា បានជួញដូរគ្រឿងញៀនកូកាអ៊ីន រាប់រយតោន និងស៊ីសំណូករាប់លានដុល្លារ។
Juan Orlando Hernandez អាយុ ៥៣ ឆ្នាំ ត្រូវបាននាំខ្លួនពីមូលដ្ឋានទ័ពអាកាសនៅ Tegucigalpa ឡើងឧទ្ធម្ភាគចក្ររបស់អង្គភាពប្រឆាំងគ្រឿងញៀន ហោះទៅកាន់ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ២១ មេសា។ លោក Juan នឹងត្រូវឡើងតុលាការនៅទីក្រុង New York នាថ្ងៃទី ២២ មេសា។
កាលពីថ្ងៃទី ២៨ មីនា ២០២២ តុលាការកំពូលរបស់ ហុងឌូរ៉ាស បានអនុម័តឱ្យធ្វើបត្យាប័នអតីតប្រធានាធិបតី Juan Orlando Hernandez ទៅកាន់ សហរដ្ឋអាម៉េរិក។
លោក Juan Orlando Hernandez ដែលកាន់តំណែងប្រធានាធិបតីរបស់ ហុងឌូរ៉ាស ចាប់ពីឆ្នាំ ២០១៤ ដល់ ២០២២ ត្រូវបានចោទប្រកាន់ថា បានការពារករណីជួញដូរគ្រឿងញៀនប្រភេទកូកាអ៊ីន ចំនួន ៥០០ តោន ដែលភាគច្រើនមកនាំពី ប្រទេសកូឡុំប៊ី និង វ៉េណេស៊ុយអេឡា ទៅកាន់ សហរដ្ឋអាម៉េរិក ដោយឆ្លងកាត់ ហុងឌូរ៉ាស ចាប់តាំងពីឆ្នាំ ២០០៤។
លោក Juan Orlando Hernandez ត្រូវបានចោទប្រកាន់ទោសចំនួន ៣ ដែលទាក់ទងនឹងគ្រឿងញៀន និងអាវុធ នេះបើតាមឯកសាររបស់រដ្ឋអាជ្ញានៅ New York។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាម៉េរិក Merrick Garland ថ្លែងថា «Hernandez បានប្រើប្រាស់តួនាទីដើម្បីដឹកនាំប្រទេសដូចទៅនឹងទឹកដីឈ្មួញកណ្ដាលនៃអំពើជួញដូរគ្រឿងញៀន»។
ក្រោយពីចប់អាណត្តិកាលពីថ្ងៃទី ២៧ មករា ២០២២ មិនដល់ ៣ សប្ដាហ៍ផង Hernandez ក៏ត្រូវបានសមត្ថកិច្ចរបស់ ហុងឌូរ៉ាស ចាប់ខ្លួន ទៅតាមសំណើរបស់ ទីក្រុងវ៉ាស៊ីងតោន។ អតីតប្រធានាធិបតីរូបនេះ បានចុះចាញ់ក្រុមប៉ូលិសកាលពីថ្ងៃទី ១៥ កុម្ភៈ និងត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគាររបស់អង្គភាពប៉ូលិសពិសេសនៅ រដ្ឋធានីតេហ្គូស៊ីហ្គាល់ប៉ា។
ហុងឌូរ៉ាស គឺជាប្រទេសមួយនៅតំបន់ អាម៉េរិកកណ្ដាល និងមានប្រជាជន ១០ លាននាក់។ ក៏ប៉ុន្តែ អត្រានៃភាពក្រីក្ររបស់ប្រទេសនេះ មានរហូតដល់ ៦០%៕