ប្រើ​ហិង្សា​លើ​កម្មករ​នៅ ទ្វីបអាហ្វ្រិក អ្នកជំនួញ​ចិន ត្រូវបាន​កាត់ទោស​​ឱ្យ​ជាប់ពន្ធនាគារ​ម្ភៃ​ឆ្នាំ

អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់​ដែលជា​អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ​មួយ​នៅ ទ្វីបអាហ្វ្រិក ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ ២០ ឆ្នាំ ដោយសារ​បាន​ប្រើ​អំពើហិង្សា​ដាក់​កម្មករ។

ចៅក្រម​តុលាការ​របស់ ប្រទេសរ​វ៉ាន់ដា Jacques Kanyarukiga កាលពី​ថ្ងៃទី ១៩ មេសា បានឱ្យដឹងថា អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ Sun Shujun អាយុ ៤៣ ឆ្នាំ បាន «ធ្វើ​ទារុណកម្ម​លើ​រាងកាយ​របស់​ជនរងគ្រោះ ក្នុង​បំណង​អាក្រក់» ហើយ​ថា បុរស​នេះ «ជាប់ទោស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ»។

នៅ​ចំពោះមុខ​តុលាការ Sun សារភាពថា ពិតជា​បាន​ប្រើ​អំពើហិង្សា​លើក​ម្មករ ប៉ុន្តែ បាន​អះអាងថា ក៏​ព្រោះតែ​ខឹង និង​ធុញទ្រាន់​នឹង​សកម្មភាព​លួច​រ៉ែ» របស់​កម្មករ​ទាំងនោះ។

Sun និយាយថា បានចេញ​ថ្លៃ​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ប្រហែល ១,០០០ ដុល្លារ​អាម៉េរិក និង​បាន​ចុះ​កិច្ចសម្របសម្រួល​រួចហើយ។ ប៉ុន្តែ ក្រុម​រដ្ឋអាជ្ញា​បាន​ចោទថា តាមពិត Sun បាន​វាយ​ធ្វើបាប​កម្មករ​រហូតដល់ ៤ នាក់ ហើយ​ជនរងគ្រោះ​ត្រូវ​បង្ខំចិត្ត​ទទួល​ប្រាក់​សំណង​ជំងឺ​ចិត្ត ព្រោះតែ​ការភ័យខ្លាច។

កម្មករ​នៅ​អណ្ដូងរ៉ែ​ត្បូង​ ដែល​ Sun បាន​ប្រើ​អំពើ​ហិង្សា​

កាលពី​ឆ្នាំ​កន្លង វីដេអូ​មួយ​បាន​បង្ហាញថា Sun យក​រំពាត់​វាយ​យ៉ាង​ធ្ងន់ និង​ជា​បន្តបន្ទាប់​ទៅលើ​កម្មករ​នៅ អាហ្វ្រិក ដែល​កំពុង​ជប់​ចំណង។ វីដេអូ​នេះ បានធ្វើ​ឱ្យមាន​ការខឹង​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម។

Sun មាន​ពេល ៣០ ថ្ងៃ ដើម្បី​ប្ដឹង​ឡើង​សាលាឧទ្ធរណ៍។ ស្ថានទូត​ចិន ប្រចាំ ប្រទេសរ​វ៉ាន់ដា កាលពី​ថ្ងៃទី ២០ មេសា ​ឆ្នាំ​ ២០២២ បានប្រកាសថា បានដឹង​រួចហើយ​អំពី​ករណី​របស់ Sun នៅ​តុលាការ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចិន ដែល​រស់នៅក្នុង​ប្រទេស​នេះ គោរព​ច្បាប់។

សេចក្ដីប្រកាស​របស់​ស្ថានទូត​ចិន មាន​ឃ្លា​សរសេរថា «ស្ថានទូត​អំពាវនាវ​ឱ្យមាន​ការកាត់ទោស​សម​ស្រប យុត្តិធម៌ និង​ស្នើឱ្យ​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ចិន ឱ្យបាន​ត្រឹមត្រូវ»៕

Leave a Comment