រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនានារបស់ក្រុមប្រទេស G៧ បានឱ្យដឹងថា ពួកគេបានផ្ដល់ និងបានសន្យាជាមួយសហគមន៍អន្តរជាតិ ក្នុងការផ្ដល់ជំនួយបន្ថែមជាង ២៤ ពាន់លានដុល្លារអាម៉េរិក ដល់ អ៊ុយក្រែន ក្នុងឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់។
ព័ត៌មានខាងលើនេះត្រូវបានចុះផ្សាយដោយ Reuters នាថ្ងៃទី ២១ មេសា ២០២។ ក្រុមរដ្ឋមន្ត្រីនៃបណ្ដាប្រទេស G៧ (បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនលំដាប់កំពូលក្នុងពិភពលោក) ក៏បានឱ្យដឹងដែរថា ពួកគេបានត្រៀមជាស្រេចដើម្បីធ្វើអ្វីៗច្រើនជាងនេះ នៅពេលចាំបាច់។
មុននោះ សារព័ត៌មានរុស្ស៊ី Sputnik ដកស្រង់សម្ដីលោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី ១៧ មេសា បញ្ជាក់ថា ទីក្រុងកៀវ បានស្នើឱ្យ G៧ និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុឡើងដល់ ៥០ ពាន់លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ អ៊ុយក្រែន ក៏កំពុងតែពិចារណា ស្នើឱ្យ IMF ផ្ដល់ប្រាក់កម្ចីពីសិទ្ធិដកទុនពិសេសផងដែរ។
យោងតាមលោក Ustenko ប្រទេសអ៊ុយក្រែន ត្រូវខាតបង់ប្រាក់ប្រហែល ៧ ពាន់លានដុល្លារជារៀងរាល់ខែ ដូច្នេះ ការខាតបង់សរុបក្នុងរយៈពេល ៦ ខែ នឹងឡើងដល់ជិត ៥០ ពាន់លានដុល្លារអាម៉េរិក។
ក្រុមប្រទេស G៧ (Group of Seven) នេះ មានប្រទេសចំនួន ៧ រួមមាន កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, អង់គ្លេស និង សហរដ្ឋអាម៉េរិក៕