ដក​វិធាន​ការពាក់​ម៉ាស​បង្ការ​កូ​វីដ-១៩ នៅក្នុង​ទីតាំង​បិទ​ជិត (អ៊ីស្រាអែល)

កាលពី​ម្សិលមិញ រដ្ឋាភិបាល​អ៊ីស្រាអែល បានសម្រេច​ដក​វិធាន​ការពាក់​ម៉ាស​ដោយ​បង្ខំ នៅក្នុង​ទីកន្លែង​បិទ​ជិត គ្រា​ដែល​ស្ថានភាព​កូ​វីដ-១៩ នៅ​ប្រទេស​នេះ បន្ត​ធូរស្រាល​ជាង​មុន។

ប្រភពព័ត៌មាន​ពី​ទីក្រុង តែ​ល​អា​វីវ (Tel Aviv) ដកស្រង់​ប្រកាស​រួម​របស់ នាយករដ្ឋមន្ត្រី Naftali Bennett និង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Nitzan Horowitz ឱ្យដឹងថា «ការកំណត់​ឱ្យ​ពាក់​ម៉ាស​នៅក្នុង​បរិយាកាស​បិទ​ជិត នឹងត្រូវ​បាន​ដកចេញ​ចាប់ពី​វេលា​ម៉ោង ២០ ថ្ងៃទី ២៣ មេសា បន្ទាប់ពី​ត្រូវបាន​អនុម័ត​ដោយ​គណៈកម្មការ​សុខាភិបាល នៃ រដ្ឋសភា»។ ក៏ប៉ុន្តែ ការសម្រេច​ថ្មី​នេះ​មិនបាន​រាប់បញ្ចូល​ឡើយ ចំពោះ​ទីកន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់ ដូចជា មន្ទីរពេទ្យ, មណ្ឌល​ចាស់ជរា នៅក្នុង​យន្តហោះ និង​ចំពោះ​អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក។

កន្លងមក អ៊ីស្រាអែល ធ្លាប់បាន​ដក​វិធានការ​ពាក់​ម៉ាស​នៅក្នុង​ទីកន្លែង​បិទ​ជិត​ម្ដង​រួចហើយ​កាលពី​ខែមិថុនា ២០២១ ប៉ុន្តែ បាន​អនុវត្ត​ឡើងវិញ​បន្ទាប់ពី​ដក​ចោល​បាន ២ សប្ដាហ៍ ដោយសារតែ​រលក​នៃ​ការឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី ដេ​លតា។

កាលពី​ថ្ងៃទី ២០ មេសា ក្រសួងសុខាភិបាល​អ៊ីស្រាអែល ប្រកាសថា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ជាង ៤,០០០ នាក់​ថែមទៀត ដែល​តួលេខ​នេះ​គឺ​ទាប​បំផុត​ក្នុងអំឡុង ៤ ខែ​កន្លង។

សាស្ត្រាចារ្យ Roni Gamzu ប្រធាន​មន្ទីរពេទ្យ Ichilov និង​ជា​អតីត​អ្នកទទួលខុសត្រូវ​ក្នុង​យុទ្ធនា​ការប្រឆាំង​កូ​វីដ-១៩ របស់ អ៊ីស្រាអែល ឱ្យដឹងថា «ពលរដ្ឋ​អ៊ីស្រាអែល ដែល​ទៅកាន់​បរទេស មានការ​ភ្ញាក់ផ្អើល​នៅពេល​បាន​ឃើញថា កូ​វីដ-១៩ ថយចុះ​ខ្លាំង​នៅ​ស្ទើរ​គ្រប់​ប្រទេស។ ដល់ពេល​ដែល អ៊ីស្រាអែល គួរ​ដក​ចោល​វិធានការ​មួយចំនួន​នៅតាម​ទីកន្លែង​បិទ​ជិត ក្នុងនោះ​មាន​សាលារៀន​ជាដើម ដោយសារតែ​បច្ចុប្បន្ន កូ​វីដ-១៩ មិន​បង្ក​គ្រោះថ្នាក់​ដូច​មុន»៕

Leave a Comment