ប៉ូលិសនៅតំបន់ Capitol Hill បានចេញបញ្ជាឱ្យឈ្លៀសមន្ត្រី និងបុគ្គលិកនៅក្នុងវិមានសភា ដោយសារតែមានយន្តហោះចម្លែកបង្ហាញខ្លួន មុនពេលបានដឹងថា វាគឺយន្តហោះដែលចូលរួមក្នុងពិធីសម្ដែងរបស់ កងទ័ពជើងគោកអាម៉េរិក។
សមត្ថកិច្ចក្នុងតំបន់ភ្នំ Capitol របស់ សហរដ្ឋអាម៉េរិក កាលពីម្សិលមិញបានប្រកាសឱ្យធ្វើការតាមដានយន្តហោះចម្លែកមួយគ្រឿងដែលត្រូវបានចាត់ទុកថាជា «ការគំរាមកំហែង» ធ្វើឱ្យគេត្រូវឈ្លៀសបុគ្គលិកនៅក្នុងវិមានសភា និងអគារនៅជុំវិញ នៅវេលាម៉ោង ១៨ និង ៣០ នាទី។ ការប្រកាសអាសន្ននេះត្រូវបានលុបចោលវិញនៅប៉ុន្មាននាទីក្រោយមក ដោយក្រុមមន្ត្រីឱ្យដឹងថា បទបញ្ជាឱ្យឈ្លៀសមនុស្សនេះគ្រាន់តែជាការបង្ការប៉ុណ្ណោះ។
ក្រោយមក ប៉ូលិសក្នុងខណ្ឌ Columbia បានប្រាប់ថា យន្តហោះដែលត្រូវបានតាមដាននោះ ស្ថិតក្នុងជួរកងទ័ពជើងគោក ដែលកំពុងដឹកសមាជិកក្រុមទាហានលោតឆត្រយោង Golden Knights ទៅសម្ដែងនៅក្នុងការប្រកួតបាល់ បេស្បល (baseball)។ ក្រុមឆត្រយោងនេះត្រូវសម្ដែងលោតពីលើយន្តហោះ ទម្លាក់ខ្លួនចុះទីលានប្រកួត បេស្បល ដែលមានចម្ងាយពី Capitol Hill ប្រហែល ១.៥ គីឡូម៉ែត្រ ចំណែកយន្តហោះនេះក៏បានចុះចតដោយសុវត្ថិភាពនៅវេលាម៉ោង ១៨ និង ៥០ នាទី។
យន្តហោះ De Havilland Twin Otter ចេញដំណើរពីមូលដ្ឋាន Andrews ក្នុងរដ្ឋ Maryland ហើយក្រោយមកក៏បានហោះក្រឡឹងលើតំបន់រឹតបន្តឹងការហោះហើរនៅក្បែរភ្នំ Capitol។ ទិន្នន័យពីរ៉ាដា បានបង្ហាញថា វាមិនបានបំពានលើដែនអាកាសដែលបានហាមការហោះហើរដែលស្ថិតនៅខាងលើនៃតំបន់ Capitol Hill ដែលជាតំបន់មានវិមានសភា និងអគារនានារបស់រដ្ឋាភិបាល។ យន្តហោះនេះក៏បានប្រកាសប្រាប់ពីផ្លូវហោះហើរជាបន្តបន្ទាប់ជូនស្ថានីយគ្រប់គ្រងដែនអាកាសនៅព្រលានយន្តហោះជាតិ Ronald Reagan Washington ដែលនៅក្បែរនោះផងដែរ។
ប្រភពព័ត៌មានឱ្យដឹងថា ក្រុមមន្ត្រីស៊ើបអង្កេតកំពុងពិនិត្យមើលមូលហេតុដែលព្រឹត្តិការណ៍នេះមិនត្រូវបានកងទ័ពជើងគោកអាម៉េរិក សហការសម្របសម្រួលជាមួយកងកម្លាំងអនុវត្តច្បាប់នៅ វ៉ាស៊ើងតោន និងបានបញ្ជាក់ថា ស្ថាប័នជាតិជាច្រើនត្រូវឈ្លៀសមន្ត្រី ក្នុងពេលយន្តហោះនោះហើរក្រឡឹងពីលើ។
ទីក្រុងវ៉ាស៊ីងតោន ត្រូវបានការពារដោយមូលដ្ឋានមីស៊ីលការពារដែនអាកាសជាច្រើនកន្លែង ហើយកម្លាំងរបស់កងទ័ពអាកាសអចិន្ត្រៃយ៍ ហាក់មិនមានអង្គភាពណាមួយត្រូវបានបញ្ជាឱ្យតាមដានហេតុការណ៍នេះ។ ប្រការនេះបានបង្ហាញថា មានបញ្ហានៅក្នុងការទាក់ទងគ្នារវាងកងទ័ពអាម៉េរិក និងប៉ូលិសនៅ Capitol Hill ពិសេសគឺនៅក្នុងស្ថានការណ៍ដែល ទីក្រុងវ៉ាស៊ីងតោន ស្វែងរកវិធីដើម្បីបង្កើនសន្តិសុខ នៅក្រោយព្រឹត្តិការណ៍វឹកវរកាលពីថ្ងៃទី ៦ មករា ២០២១ ដែលបង្កើតឡើងដោយក្រុមគាំទ្រលោក Donald Trump៕