រដ្ឋាភិបាល​អាម៉េរិក ត្រៀម​ប្ដឹង​ជំទាស់​នឹង​ការសម្រេច​របស់​តុលាការ ស្ដីពី​ការដក​វិធាន​ការពាក់​ម៉ាស​បង្ការ​កូ​វីដ-១៩

រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កំពុងមាន​ផែនការ​ប្ដឹង​ជំទាស់​ទៅនឹង​សេចក្ដីសម្រេច​របស់​តុលាការ​សហព័ន្ធ ស្ដីពី​ការលុបចោល​បទបញ្ជា​ពាក់​ម៉ាស​នៅពេល​ស្ថិតក្នុង​យន្តហោះ ឬ​ដោយ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ដទៃ។

ក្នុង​ប្រកាស​មួយ​កាលពី​ថ្ងៃទី ១៩ មេសា ក្រសួងយុត្តិធម៌​អាម៉េរិក បាន​លើកឡើងថា «ក្រសួងយុត្តិធម៌ និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក មិន​យល់ស្រប​ទៅនឹង​ការសម្រេច​របស់​តុលាការ ដូច្នេះ​នឹងធ្វើ​ការប្ដឹង​ជំទាស់ បើសិនជា CDC បញ្ជាក់ថា វិធានការ​នៅតែ​ចាំបាច់​សម្រាប់​ការពារ​សុខភាព​សាធារណៈជន»។

ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ចៅក្រម Kathryn Kimball Mizelle នៅ​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ Florida កាលពី​ទី ១៨ មេសា បាន​បង្គាប់​ឱ្យ​រដ្ឋាភិបាល ដក​ចោល​វិធានការ​ពាក់​ម៉ាស ដោយ​យល់ថា CDC របស់ អាម៉េរិក បានធ្វើ​លើសពី​ដែន​កំណ​ត់នៃ​ច្បាប់ ទាក់ទិន​នឹង​ការបង្ខំ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​នៅលើ​យន្តហោះ រថភ្លើង រថយន្តក្រុង និង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ដទៃទៀត៕

 

Leave a Comment