ក្រុម​អវកាស​ចរណ៍​ស៊ីវិល​ដំបូង ហោះ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ ត្រលប់​មកកាន់​ផែនដី

ក្រុម​អ្នក​អវកាស​មួយក្រុម បញ្ចប់​បេសកកម្ម​រយៈពេល ១២ ថ្ងៃ នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដោយ​ការហោះហើរ​ត្រលប់​មកកាន់​ផែនដី ជាមួយនឹង​យាន Crew Dragon របស់ SpaceX ដែល​គ្រោង​នឹង​ចុះចត​ដោយ​ឆត្រយោង​នៅលើ​សមុទ្រ។

បេសកកម្ម AX-១ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី Axiom Space នៅ Houston រដ្ឋ Texas ផ្ដល់​សេវាកម្ម​​ហោះ​ហើរ​​ដោយ​ប្រើប្រាស់​រ៉ុក្កែត ការហ្វឹកហាត់ និង​ការចាត់ចែង​ជើងហោះហើរ​ទៅកាន់ ISS សម្រាប់​អតិថិជន​បង់ប្រាក់។

សមាជិក​ក្រុម​ហោះហើរ​ខាងលើ​មាន​គ្នា ៤ នាក់ រួមមាន មេបញ្ជាការ Michael Lopez-Alegria អតីត​អវកាសយានិក​របស់ ណា​សា, អ្នកជំនួញ​ជនជាតិ​អ៊ីស្រាអែល Eytan Stichael, អ្នកវិនិយោគ​ជនជាតិ​កាណាដា Mark Pathy និង​អ្នកវិនិយោគ​អចលនទ្រព្យ​អាម៉េរិក Larry Connor មកពី Ohio។ ពួកគេ​បាន​ចាក​ចេញពី ISS ដោយ​ជិះ​ក្នុង​យាន Crew Dragon របស់ SpaceX កាលពី​ម៉ោង ១០ ព្រឹក ថ្ងៃទី ២០ មេសា ២០២២ (ម៉ោង​នៅ កម្ពុជា)។

មេបញ្ជាការ Michael Lopez-Alegria អតីតអវកាសយានិករបស់ ណាសា, អ្នកជំនួញជនជាតិអ៊ីស្រាអែល Eytan Stichael, អ្នកវិនិយោគជនជាតិកាណាដា Mark Pathy និងអ្នកវិនិយោគអចលនទ្រព្យអាម៉េរិក Larry Connor មកពី Ohio

ក្រុម​អ្នក​អវកាស​នេះ​នឹងត្រូវ​ឆ្លងកាត់​ច្រើន​ម៉ោង​នៅក្នុង​យាន​ទំហំ ៤ ម៉ែត្រក្រឡា នៅពេល Crew Dragon បាន​ហោះ​ចុះ​ដល់​តំបន់​បរិយាកាស​ក្រាស់​របស់​ផែនដី។ ពួកគេ​នឹង​ចុះចត​ដោយ​ប្រើ​ឆត្រយោង​នៅលើ​ផ្ទៃសមុទ្រ បើសិន​អាកាសធាតុ​អំណោយផល។ នេះ​បើតាម​ការ​ឱ្យដឹងពី​ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា។

Lopez-Alegria និង​សមាជិក​ក្រុម​ហោះហើរ​ផ្សេងទៀត បាន​ហោះ​ឡើងដល់ ISS ប្រហែល ១ សប្ដាហ៍​កន្លង និង​បាន​ជួបជុំ​ក្រុម​អ្នក​អវកាស​ដែល​កំពុងធ្វើការ​នៅ​ទីនោះ ដែល​រួមមាន ជនជាតិ​អាម៉េរិក ៣ នាក់, អាល្លឺម៉ង់ ១ នាក់ និង រុស្ស៊ី ៣ នាក់។

ក្រុម​អ្នក​អវកាស​ជួប​ជុំគ្នា​នៅ​លើ ISS

AX-១ គឺជា​បេសកកម្ម​ដំបូង​ដែលមាន​ក្រុម​ហោះហើរ​ជា​ជន​ស៊ីវិល និង​មិនមាន​សមាជិក​ណាមួយ​ម​ក​ពី​ស្ថាប័នរដ្ឋ។ នេះ​ក៏​ជា​លើកដំបូង​ផងដែរ ដែល​ក្រុម​ជន​ស៊ីវិល ហោះ​ទៅដល់ ISS ដោយ​ប្រើ​យានអវកាស​ដែល​ផលិត​នៅ សហរដ្ឋ​អាម៉េរិក។ ក្នុង​បេសកកម្ម​នេះ ពួកគេ​បានធ្វើ​ការពិសោធ​ផ្នែក​វិទ្យាសាស្ត្រ​មួយចំនួន​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​មន្ទីរពេទ្យ សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន។ ពួកគេ​ក៏​ចំណាយពេល​ហៅ​ទូរស័ព្ទ​ទៅកាន់ក្មេងៗ និង​និស្សិត​នៅ​លើដី​ផងដែរ។

ស្ថានីយអវកាស​អន្តរជាតិ

ការចំណាយ​ទៅលើ​បេសកកម្ម AX-១ នេះ បច្ចុប្បន្ន​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ៕

Leave a Comment