សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត បានសន្យាថា នឹងបង្កើនការ «ដាក់ឱ្យនៅឯកោ» ទៅលើ រុស្ស៊ី និងផ្ដល់ជំនួយផ្នែកអាវុធដល់ អ៊ុយក្រែន នៅពេលសង្គ្រាមឈានចូលដល់ដំណាក់កាលថ្មី។
«យើងនឹងរឹតបន្តឹងបន្ថែមទៀតទៅលើវិធានការដាក់ទណ្ឌកម្មលើ រុស្ស៊ី និងបង្កើនជំនួយផ្នែកហិរញ្ញវត្ថុ និងសន្តិសុខសម្រាប់ អ៊ុយក្រែន» ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានសរសេរដូច្នេះនៅលើទំព័រ Twitter កាលពីថ្ងៃទី ១៩ មេសា ២០២២។
ប្រកាសថ្មីខាងលើនេះ ត្រូវបានលើកឡើងបន្ទាប់ពីមានកិច្ចប្រជុំតាមរយៈវីដេអូ ៩០ នាទី រវាង ប្រធានាធិបតីអាម៉េរិក លោក បៃដិន និងក្រុមមេដឹកនាំលោកខាងលិច កាលពីម្សិលមិញ។ នេះត្រូវបានគេចាត់ទុកថា ជាប្រតិកម្មឆ្លើយតប ក្រោយពី រុស្ស៊ី បានប្រកាសចាប់ផ្ដើមដំណាក់កាលទីពីរនៃយុទ្ធនាការយោធានៅទឹកដីភាគខាងកើតរបស់ អ៊ុយក្រែន។
លោក បៃដិន បានឱ្យដឹងថា សហរដ្ឋអាម៉េរិក នឹងបញ្ជូនអាវុធបន្ថែមទៀតឱ្យ អ៊ុយក្រែន ក្នុងនោះមានទាំងរថពាសដែក ២០០ គ្រឿង និងឧទ្ធម្ភាគចក្រ ១១ គ្រឿងផងដែរ នៅពេលកញ្ចប់ជំនួយ ៨០០ លានដុល្លារថ្មីរបស់ វ៉ាស៊ីងតោន បានចាប់ផ្ដើមធ្លាក់ដល់ដៃ អ៊ុយក្រែន។
ប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ លោក បៃដិន នឹងប្រកាសកញ្ចប់ជំនួយយោធាមួយផ្សេងទៀតដែលមានទំហំប្រហាក់ប្រហែលនឹងកញ្ចប់ជំនួយ ៨០០ លានដុល្លារ ដល់ អ៊ុយក្រែន។ បើសិនជាពិតដូច្នោះមែន វានឹងធ្វើឱ្យកញ្ចប់ជំនួយយោធារបស់ អាម៉េរិក សម្រាប់ អ៊ុយក្រែន ឡើងដល់ជាង ៣ ពាន់លានដុល្លារ រាប់ចាប់តាំងពីចុងខែកុម្ភៈ ២០២២។
ចំណែកសម្ព័ន្ធមិត្តរបស់ អាម៉េរិក ផ្សេងទៀត ដូចជា កាណាដា និង អង់គ្លេស ជាដើម ក៏បានប្រកាសថា នឹងផ្ដល់ជំនួយជាសព្វាវុធបន្ថែមទៀតដល់ អ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះអាចទប់ទល់នឹងការវាយប្រហារពីសំណាក់កងទ័ពរបស់ រុស្ស៊ី នៅក្នុងដំណាក់កាលទីពីរនៃសង្គ្រាម។