Skip to content

អាម៉េរិក ដក​វិធាន​ការពាក់​ម៉ាស​ទាំងស្រុង នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ

តុលាការ​សហព័ន្ធ បានចេញ​សេចក្ដីសម្រេច​ថ្មី ដែល​បង្គាប់​ឱ្យ​រដ្ឋាភិបាល​អាម៉េរិក ដក​វិធានការ​ទាំងស្រុង ដែល​កំពុង​បង្ខំ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ។

រដ្ឋាភិបាល​របស់លោក ចូ បៃ​ដិ​ន នឹងមិន​បន្ត​អនុវត្ត​វិធានការ​បង្ខំ​ឱ្យ​ពាក់​ម៉ាស​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ទៀតឡើយ បន្ទាប់ពី​តុលាការ​សហព័ន្ធ​នៅ Florida កាលពី​ថ្ងៃ​ចន្ទ បានធ្វើការ​សម្រេច​ថា ការកំណត់​ឱ្យ​ពាក់​ម៉ាស​ដោយ​បង្ខំ​ក្នុង​រយៈពេល ១៤ ខែ​មកនេះ គឺជា​រឿង​ខុសច្បាប់ ដូច្នេះ តុលាការ​បាន​ប្រែ​ក្រឡាស់​កិច្ចខិតខំ​របស់ សេត​វិមាន ក្នុងការ​កាត់បន្ថយ​ការឆ្លង​កូ​វីដ-១។ នេះ​បើតាម​ប្រភពព័ត៌មាន​ពី Reuters ដែល​បាន​ចុះផ្សាយ​នាពេលថ្មីៗនេះ។

ការសម្រេច​ថ្មី​បំផុត​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ចៅក្រម Kathryn Kimball Mizelle ជា​មន្ត្រី​តុលាការ​ដែល​ត្រូវបានតែងតាំង​ដោយ​ប្រធានាធិបតី Donald Trump បន្ទាប់ពី​មាន​ពាក្យ​ស្នើ​ឱ្យមាន​បណ្ដឹង​កាលពី​ឆ្នាំមុន របស់​ស្ថាប័ន​មួយ។

ចៅក្រម Mizelle និយាយថា មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​អាម៉េរិក (CDC) បាន​ប្រើប្រាស់​អំណាច​លើស​ដែន​កំណត់​ក្នុងការ​អនុវត្ត​បទបញ្ជា។

លោក​ស្រី Kathryn Kimball Mizelle

មន្ត្រី​រដ្ឋាភិបាល​អាម៉េរិក ១ រូប បានឱ្យដឹងថា CDC មាន​សិទ្ធិ​ក្នុងការ​ប្ដឹង​ជំទាស់ ឬ​ស្នើឱ្យ​មានការ​ពន្យារពេល​ជាបន្ទាន់​នូវ​ការអនុវត្ត​ការកំណត់​នេះ។

បន្ទាប់ពី​សេចក្ដីសម្រេច​ថ្មី​ត្រូវ​បានប្រកាស​ភ្លាម ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ២ គឺ United Airlines និង Alaska Airlines ក៏បាន​ប្រញាប់​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​បច្ចុប្បន្ន​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ទៅលើ​ជើងហោះហើរ​ក្នុងស្រុក។

បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក មាន​អ្នក​ឆ្លង​កូ​វីដ-១៩ ប្រមាណ ៣៦,០០០ នាក់ និង​ស្លាប់​ជា​មធ្យម ៦០ នាក់ ជា​រៀងរាល់ថ្ងៃ។ នេះ​បើ​គិត​ទៅលើ​តួលេខ​មធ្យមភាគ​នៃ​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​កូ​វីដ-១៩ ក្នុងអំឡុង ៧ ថ្ងៃ​ចុង​ក្រោយនេះ។

ចំណែក​ភាគី​ សេត​វិមាន វិញ បាន​ហៅ​សេចក្ដីសម្រេច​ថ្មី​របស់​តុលាការ​ខាងលើ​ថា ជា​បទបញ្ជា​គួរឱ្យ​អស់សង្ឃឹម​បំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *