Skip to content

អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា គម្រោង​បញ្ជូន​ទិន្នន័យ​ស្ដីពី​ទីតាំង និង​ព័ត៌មាន​របស់​ផែនដី ទៅកាន់​ទី​អវកាស នឹង​បង្កឱ្យមាន​សង្គ្រាម​ឈ្លានពាន​ពី​មនុស្ស​ពិភព​ក្រៅ

ការដែល ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា (NASA) ព្យាយាម​រក​វិធី​ដើម្បី​ទាក់ទង​ទៅកាន់​មនុស្ស​ពិភព​ដទៃ អាច​បង្ក​ជា​ហានិភ័យ​ធំ គ្រោះថ្នាក់​ដល់​មនុស្ស​នៅលើ​ផែនដី ដោយសារ​ពួក អេ​លៀន អាច​ចូលមក​ដណ្ដើមយក​ផែនដី​ទៅគ្រប់​គ្រង ជំនួស​មនុស្ស។

យោងតាម RT គម្រោង​បញ្ជូន​ទិន្នន័យ​ស្ដីពី​ទីតាំង និង​ព័ត៌មាន​ដទៃ​របស់​មនុស្ស ចូលទៅ​កាន់​ទី​អវកាស របស់ ណា​សា ដែល​ហៅថា «Beacon in the Galaxy» (BITG ឬ ភ្លើង​សញ្ញា​ក្នុង​កាឡាក់ស៊ី) គឺជា​គម្រោង​របស់​ក្រុម​អ្នកស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ អង្គការ​ណា​សា ដើម្បី​ជា​ស្វាគមន៍​ចំពោះ​អរិយធម៌​ឆ្លាត​វៃ​នៅ​ខាងក្រៅ​ផែនដី។

ណា​សា មានបំណង​ផ្សាយ​រលកសញ្ញា​ខាងលើ​ពី​បណ្ដាញ​តេ​ឡេ​ស្កុប​វិទ្យុ Allen របស់​វិទ្យាស្ថាន SETI នៅ California និង តេ​ឡេ​ស្កុប​វិទ្យុ FAST ដែលមាន​អង្កត់ផ្ចិត ៥០០ ម៉ែត្រ របស់ ប្រទេស​ចិន។ ទិន្នន័យ​ដែល​នឹង​រួមមាន​ទាំង សមាសធាតុ​ជីវគីមី​របស់​ជីវិត​នៅលើ​ផែនដី, ទីតាំង​ដែល​ត្រូវ​បានដាក់​សញ្ញា​ទៅតាម​ពេលវេលា​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​នៅក្នុង​កាឡាក់ស៊ី មី​ល​គី​វ៉េ, រូបភាព​ឌីជីថល​ស្ដីពី​មនុស្ស និង​ពាក្យ​អញ្ជើញ​ឱ្យ​មនុស្ស​ក្រៅ​ភពផែនដី ឆ្លើយតប។

លោក Anders Sanberg អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់ ១ រូប នៅ​វិទ្យាស្ថាន​អនាគត​មនុស្សជាតិ ប្រចាំ​សាកលវិទ្យាល័យ Oxford (FHI) យល់ថា កម្មវិធី​ដូចខាងលើ អាច​ជួបនឹង​ហានិភ័យ។ ក្នុងករណី​មនុស្ស​ក្រៅ​ភពផែនដី ទទួលបាន​សារ ប្រតិកម្ម​អាច​មិនមាន​ត្រឹមតែ​ពាក្យ​សួស្ដី​ប្រកបដោយ​ភាពកក់ក្ដៅ​នោះឡើយ។

តេ​ឡេ​ស្កុប​វិទ្យុ FAST ដែលមាន​អង្កត់ផ្ចិត ៥០០ ម៉ែត្រ របស់ ប្រទេស​ចិន

ចំណែក​អ្នកវិទ្យាសាស្ត្រ Toby Ord មកពី FHI ប្រចាំ Oxford ក៏បាន​និយាយថា គម្រោង​ខាងលើ​គួរតែ​យកមក​ពិភាក្សា​ជា​សាធារណៈ។ ការ​ស្ដាប់​សារ​ដែល​ផ្ញើ​ពី​ទី​អវកាស​ក៏​អាចធ្វើឱ្យ​មនុស្ស​មាន​គ្រោះថ្នាក់ ព្រោះ​វា​អាចជា​អន្ទាក់។ លោក​ថា «ហានិភ័យ​នៃ​គ្រោះថ្នាក់​នេះ ថ្វីបើ​មាន​កម្រិត​ទាប ប៉ុន្តែ​មិនទាន់​ត្រូវបាន​យល់ច្បាស់ និង​មិនទាន់មាន​ការគ្រប់គ្រង​បានល្អ​នៅឡើយ»។

លោក Ord បន្តថា «ដោយសារតែ​ផ្នែក​អវិជ្ជមាន​អាច​ធំ​ជាង​ឆ្ងាយ​ធៀប​នឹង​ផ្នែក​វិជ្ជមាន ដូច្នេះ​វា​មិនមែនជា​កាលៈទេសៈ​ល្អ ដើម្បី​ធ្វើការ​ទាក់ទង​ជាមួយ​មនុស្ស​ពិភព​ក្រៅ​ផែនដី»។

កន្លងមក ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​ប្រើប្រាស់​បច្ចេកវិទ្យាដំបូងៗ ដើម្បី​ផ្ញើ​ជា​សារ​ទៅកាន់​ទី​អវកាស ដូចជា សារ Arecibo កាលពី​ឆ្នាំ ១៩៧៤ និង​សារ​ផ្សេងទៀត​កាលពី​ឆ្នាំ ១៩៩៩ និង ២០០៣ ជាដើម។ លោក Sandberg យល់ថា មនុស្ស​ក្រៅ​ភពផែនដី អាច​ទទួលបាន​សារ​ទាំងនោះ​រួចហើយ ដោយ​មូលហេតុ​ច្រើនយ៉ាង។

បច្ចេកវិទ្យា​របស់​មនុស្ស​មក​ពី​ពិភព​ក្រៅ​ផែនដី អាច​ជឿន​លឿន​ជាង​មនុស្ស​

អ្នកវិទ្យាសាស្ត្រ​ទាំងឡាយ​ដែល​ស្ថិតក្នុង​ក្រុម BITG យល់ថា មនុស្ស​ក្រៅ​ភពផែនដី​ដែលមាន​អរិយធម៌​ជឿនលឿន និង​អាចធ្វើ​ការទាក់ទង​គ្នា​នៅក្នុង​ទី​អវកាស ទំនង​ជាមាន​កម្រិត​ទំនាក់ទំនង​ខ្ពស់​រវាង​ពួកគេ ដូច្នេះ​ពួកគេ​ប្រាកដជា​បានដឹង​អំពី​សារសំខាន់​របស់​ស​ន្តិ​ភាព និង​កិច្ចសហការ។

ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ​ជនជាតិ​កាណាដា លោក George Dvorsky បាន​យល់ឃើញ​ផ្ទុយ​ពីនេះ។ លោក​ថា លោក​អាច​គិត​ឃើញ​សេណារីយោ​ជាច្រើន ក្នុងនោះ​មាន​ទាំង​សេណារីយោ​ដែលថា ក្រុមមនុស្ស​ក្រៅ​ភពផែនដី ដែលមាន​និន្នាការ​អាក្រក់ នៅតែ​បន្ត​បង្ហាញ​វត្តមាន៕

Leave a Reply

Your email address will not be published. Required fields are marked *