Skip to content

ប្រទេស​ចិន «បើកទ្វារ» ស្ថានីយ​អវកាស Tiangong ដើម្បី​ទទួល​ជនបរទេស

ទីក្រុង​ប៉េកាំង បាន​បញ្ចេញ​សញ្ញា​បង្ហាញថា ស្ថានីយ​អវកាស Tiangong ត្រៀមខ្លួន​ទទួល​អ្នកស្រាវជ្រាវ​រប​ស់​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក។

ប្រទេស​ចិន បាន​អញ្ជើញ​អ្នក​អវកាស​បរទេស ចូលរួម​បេសកកម្ម និង​ធ្វើការ​ស្រាវជ្រាវ​នៅឯ​ស្ថានីយ​អវកាស Tiangong របស់​ប្រទេស​នេះ។ កាលពី​ថ្ងៃទី ១៨ មេសា អ្នកនាំពាក្យ​របស់ ក្រសួងការបរទេស​ចិន Wang Wenbin បានឱ្យដឹងថា ទីក្រុង​ប៉េកាំង ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​សហការ​ជាមួយ​បណ្ដា​ប្រទេស​នៅលើ​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន។

លោក Wang បន្ថែមថា ប្រទេស​ចិន កំពុង​ប្រឹក្សា​យោបល់​ជាមួយ អង្គការសហប្រជាជាតិ​ស្ដី ពី​បេសកកម្ម​អវកាស​រួម​របស់​សហគមន៍​អន្តរជាតិ។ យោងតាម​មន្ត្រី​រូបនេះ អ្នក​អវកាស​អន្តរជាតិ​មួយក្រុម​អាច​ចាប់ផ្ដើម​ធ្វើការ​រួមគ្នា​យ៉ាង​ឆាប់​បំផុត គឺ​ចាប់ពី​ចុងឆ្នាំ ២០២២។

កាលពី​ខែមេសា ប្រទេស​ចិន បាន​នាំយក​ទូ ឬ​បន្ទប់​ស្នូល ឬ​ហៅថា ម៉ូឌុល ដំបូង​របស់​ស្ថានីយ​អវកាស Tiangong ឡើងទៅ​កាន់​គន្លង​គោចរ។ ចំណែក​ម៉ូឌុល​ចំនួន ២ ផ្សេងទៀត កំពុង​រង់ចាំ​ការបាញ់​បង្ហោះ​ក្នុងឆ្នាំនេះ ដើម្បី​បញ្ចប់​ដំណាក់កាល​ដំឡើង​ស្ថានីយ​អវកាស។

បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូត ស្ថានីយ​អវកាស​របស់ ចិន នឹង​ចាប់ផ្ដើម​បេសកកម្ម​ក្នុងពេលឆាប់ៗខាងមុខ ហើយ​អូស​បន្លាយពេល​ជាង ១ ទសវត្សរ៍។ សារព័ត៌មាន SCMP ចេញផ្សាយ​ថា ស្ថានីយ​អវកាស​នេះ​នឹង​ក្លាយជា​មូលដ្ឋាន​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដែល​គោចរ​ក្នុង​គន្លង​តារាវិថី និង​គ្រប់គ្រង​ដោយ​ប្រទេស​តែមួយ។

អ្នក​អវកាស​ចិន ៣ រូប ទើបតែ​បាន​វិល​ត្រលប់​ពី​ម៉ូឌុល​ស្នូល​របស់​ស្ថានីយ​អវកាស Tiangong មកកាន់​ផែនដី កាលពី​ថ្ងៃទី ១៦ មេសា។ ពួកគេ​បាន​ស្ថិតនៅក្នុង​ទី​អវកាស​ចំនួន ១៨៣ ថ្ងៃ ពោលគឺ​យូរ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។ ក្នុង​រយៈពេល ៦ ខែ​កន្លង ក្រុម​អ្នក​អវកាស​នេះ​បាន​ដំ​ឡើងដៃ​យន្ត​នៅ​ខាងក្រៅ​បន្ទប់​ស្នូល កែតម្រូវ​កាណុង​កាមេរ៉ា និង​ធ្វើ​ការពិសោធ ​សាក​ល្បង​​មួយចំនួន។

តាម​ផែនការ ក្រុម​អវកាស​ចរ​បន្ទាប់​រប​ស់ ចិន នឹងត្រូវ​ហោះ​ទៅកាន់​បន្ទប់​ស្នូល​របស់ Tiangong នៅក្នុង​ខែឧសភា​ខាងមុខ។ ពួកគេ​នឹង​ទទួលខុសត្រូវ​ក្នុងការ​ត្រួតពិនិត្យ​កិច្ចការ​ដំឡើង​បន្ទប់​ម៉ូឌុល​ចំនួន ២ ផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *