កប៉ាល់ដែលមានបណ្ដោយរហូតដល់ជាង ៣០០ ម៉ែត្រ ត្រូវជាប់ក្នុងភក់ល្បាប់អស់រយៈពេលពេញមួយខែនៅឈូងសមុទ្រ Chesapeake នៃឆ្នេរខាងកើតរបស់ សហរដ្ឋអាម៉េរិក បានអណ្ដែតឡើងវិញ បន្ទាប់ពីការប្រឹងប្រែងជួយសង្គ្រោះរបស់កងកម្លាំងការពារឆ្នេរ។
Ever Forward ដែលជាកប៉ាល់ ១ គ្រឿង របស់ក្រុមហ៊ុន Evergreen មានទីស្នាក់ការនៅ តៃវ៉ាន់ កាលពីយប់ថ្ងៃទី ១៣ មីនា បានជាប់គាំងដោយសារល្បាប់ជម្រៅ ៦ ម៉ែត្រ នៅទីតាំងដែលមានចម្ងាយច្រើនរយម៉ែត្រពីឆ្នេរសមុទ្រ ក្រោយពីរេខុសផ្លូវ។
រយៈពេលច្រើនសប្ដាហ៍កន្លងមកនេះ កម្លាំងល្បាតឆ្នេររបស់ អាម៉េរិក បានប្រឹងប្រែងរំដោះកប៉ាល់ Ever Forward ដោយប្រើប្រាស់កប៉ាល់អូស និងកប៉ាល់ស្ដារល្បាប់។ ឆ្លៀតពេលដែលមានជំនោរទឹកសមុទ្រកើនឡើងខ្ពស់បំផុតក្នុងខែ Ever Forward បានអណ្ដែតឡើងវិញកាលពីថ្ងៃទី ១៧ មេសា ក្រោយពីកុងតឺន័រចំនួន ៥០០ ក្នុងចំណោម ៥,០០០ នៅលើកប៉ាល់នេះ ត្រូវបានលើកចេញដើម្បីកាត់បន្ថយទម្ងន់។
ក្រុមមន្ត្រីអាម៉េរិក មិនទាន់បង្ហើបឱ្យដឹងអំពីការខាតបង់ ឬផលប៉ះពាល់ដែលកើតឡើងដោយសារបញ្ហាជាប់គាំងរបស់ Ever Forward ក៏ដូចជាមូលហេតុដែលនាំឱ្យមានបញ្ហាជាប់គាំងនេះនៅឡើយ។ កប៉ាល់នេះជាប់គាំងនៅខាងក្រៅគន្លងនាវាចរណ៍ និងមិនបានរាំងស្ទះដល់កប៉ាល់ដទៃ។
Ever Forward ដែលមានបណ្ដោយ ៣៣៥ ម៉ែត្រ អាចផ្ទុកកុងតឺន័របានជិត ១២,០០០ គឺជាកប៉ាល់មួយគ្រឿងក្នុងចំណោមកប៉ាល់ជាច្រើនដែលធ្វើសកម្មភាពនៅតំបន់សមុទ្រមមាញឹកនៃឈូងសមុទ្រ Chesapeake។
ករណីជាប់គាំងនេះ ធ្វើឱ្យគេនឹកឃើញដល់ហេតុការណ៍ដូចគ្នានេះរបស់ Ever Given ដែលជាកប៉ាល់ដឹកកុងតឺន័រមួយផ្សេងទៀតរបស់ Evergreen ជាប់គាំងនៅលើព្រែកជីក Suez នៅ ប្រទេសអេហ្ស៊ីប កាលពីខែមីនា ២០២១ និងបានធ្វើឱ្យកកស្ទះកប៉ាល់នានាក្នុងរយៈពេល ១ សប្ដាហ៍៕