Skip to content

មី​យ៉ាន​ម៉ា បើក​ព្រលានយន្តហោះ​អន្តរជាតិ Yangon ឡើងវិញ

កាលពី​ថ្ងៃទី ១៧ មេសា ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) បាន​បើក​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ Yangon ឡើងវិញ បន្ទាប់ពី​បាន​ផ្អាក​រាល់​ការហោះហើរ​ពាណិជ្ជកម្ម​អស់​រយៈពេល ២ ឆ្នាំ ដោយសារតែ កូ​វីដ-១៩។

មន្ត្រី​ម្នា​ក់នៅ​ព្រលានយន្តហោះ​ខាងលើ​បានឱ្យដឹងថា ជើងហោះហើរ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍សិង្ហបុរី​ Singapore Airlines បាន​ចុះចត​នៅពេល​ព្រឹក​ក្នុង​ថ្ងៃទី ១៧ មេសា ក្លាយជា​ជើងហោះហើរ​ដំបូង​ដែល​បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Yangon រាប់​ចាប់តាំងពី​បើក​ដំណើរការ​ឡើងវិញ នេះ​បើតាម​ការចុះផ្សាយ​របស់ ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua។

យោងតាម​ការកំណត់​ស្ដីពី​វិធានការ​ទប់ស្កាត់ កូ​វីដ-១៩ អ្នកដំណើរ​ដែល​មកកាន់ មីយ៉ានម៉ា ត្រូវមាន​លិខិត​បញ្ជាក់ថា បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ រួចហើយ អម​ជាមួយនឹង​លទ្ធផល​នៃ​ការធ្វើ​តេស្ត PCR អវិជ្ជមាន។ អ្នកដំណើរ​បរទេស​ក៏ត្រូវ​មាន​ប័ណ្ណ​បញ្ជាក់​អំពី​ធានារ៉ាប់រង​សុខភាព​កូ​វីដ-១៩ ដែល​ទិញ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​មី​យ៉ាន​ម៉ា។ ទន្ទឹមនឹងនេះ អ្នកដំណើរ​ទាំងអស់​នឹង​ត្រូវ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ដែល​កំណត់ដោយ​រដ្ឋាភិបាល ដើម្បី​រង់ចាំ​ទទួលលទ្ធផល​តេស្ត PCR ពី​ក្រសួងសុខាភិបាល​មី​យ៉ាន​ម៉ា ក្នុង​រយៈពេល​ប្រហែល ២៤ ម៉ោង។

ប្រទេស​ភូមា កាលពី​ថ្ងៃទី ១៦ មេសា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ចំនួន ១៨ នាក់ ធ្វើឱ្យ​ចំនួន​សរុប​នៃ​​ករណី​វិជ្ជមាន​នឹង​វីរុស​នេះ​ឡើងដល់​ជាង ៦១២,០០០ នាក់ ខណៈដែល​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​គឺមាន​ជាង ១៩,០០០ នាក់។ គិត​មកដល់​ថ្ងៃទី ៩ មេសា ប្រជាជន​ជាង ២២.២៣ លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង​ ៥៥ លាន​នាក់ របស់​ ប្រទេស​នេះ​ បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ៕

Leave a Reply

Your email address will not be published. Required fields are marked *