អង្គភាពសន្តិសុខអ៊ុយក្រែន កាលពីថ្ងៃទី ១២ មេសា ឱ្យដឹងថា បានចាប់ខ្លួន Viktor Medvedchuk ដែលជាអ្នកមានម្នាក់ស្និទ្ធនឹង រុស្ស៊ី នៅក្នុងយុទ្ធនាការពិសេសដែលពួកគេអធិប្បាយថាជា «មហាល្បឿន»។
មុននោះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានបង្ហោះរូបថតមួយសន្លឹកបង្ហាញថា Medvedchuk ត្រូវបានដាក់ខ្នោះដៃជាមួយនឹងទឹកមុខប្រកបដោយភាពហត់នឿយ។
«យុទ្ធនាការពិសេសមួយត្រូវបានធ្វើឡើងដោយអង្គភាពសន្តិសុខអ៊ុយក្រែន។ ធ្វើបានល្អ!» លោក ហ្សេឡែនស្គី បង្ហោះសារនៅលើ Telegram ដូច្នេះ។ បន្ទាប់មក លោកក៏បានស្នើឱ្យមានការដោះដូរ Medvedchuk ជាមួយនឹងចំណាប់ខ្មាំងសង្គ្រាមអ៊ុយក្រែន ដែលត្រូវបាន រុស្ស៊ី ចាប់ខ្លួន។
លោក Medvedchuk គឺជាអ្នកជំនួញ និងជាមេដឹកនាំបក្សប្រឆាំង ដើម្បីជីវិត របស់អ៊ុយក្រែន ត្រូវបានគេជឿថា បានក្លាយជាអ្នកមានក៏ដោយសារប្រភពរ៉ែប្រេងរបស់ រុស្ស៊ី នៅតំបន់ គ្រីមៀជាមួយនឹងទំនាក់ទំនងជិតស្និទ្ធនឹង វិមានក្រឹមឡាំង។ ទស្សនាវដ្ដី Forbes គណនាឃើញថា លោក Medvedchuk មានទ្រព្យប្រហែល ៦២០ លានដុល្លារអាម៉េរិក។
បក្សរបស់ Medvedchuk មានការគាំទ្រចំពោះ ទីក្រុងមូស្គូ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិកាលពីខែឧសភា ២០២១។ លោកត្រូវបានឃុំខ្លួនក្នុងផ្ទះ មុនពេលរត់គេចខ្លួនកាលពីខែកុម្ភៈ ២០២២ ក្រោយពី រុស្ស៊ី បើកយុទ្ធនាការយោធាពិសេសនៅ អ៊ុយក្រែន បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។