កងទ័ពរុស្ស៊ី បានវាយប្រហារទៅលើទីបញ្ជាការនៃអង្គភាពយោធាមួយក្នុងតំបន់ភាគខាងកើត Donbass ដោយប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង ១២ ដង Kinzhal។
«ប្រព័ន្ធមីស៊ីល Kinzhal បានកម្ទេចទីបញ្ជាការក្រោមដីដែលត្រូវបានការពារយ៉ាងរឹងមាំ នៃអង្គភាពយោធាមួយរបស់ អ៊ុយក្រែន នៅក្បែរភូមិ Chasov Yar ក្នុងតំបន់ Donbass កាលពីល្ងាចថ្ងៃទី ១១ មេសា» អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្ស៊ី Igor Konashenkov ឱ្យដឹងដូច្នេះ។
នេះគឺជាលើកទី ៣ ហើយ ដែល កងទ័ពរុស្ស៊ី ប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង ១២ ដង Kinzhal នៅក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួននៅ អ៊ុយក្រែន។
Igor Konashenkov ក៏បានប្រាប់ថា មីស៊ីលដែលបំពាក់ប្រព័ន្ធនាំផ្លូវ បាញ់ពីយន្តហោះរបស់ រុស្ស៊ី ក៏បានបំផ្លាញទម្រកាំជ្រួចផ្លោង Tochk-U មួយកន្លែង និងទម្រកាំជ្រួចហ្វូងមានប្រព័ន្ធនាំផ្លូវដែលលាក់ក្រោមដីចំនួន ២ នៅតំបន់ Selidovo ភាគខាងកើត Donetsk។ មូលដ្ឋានរបស់ក្រុម Right Sector ក្បែរតំបន់ Novogrodovka ខេត្ត Donetsk ក៏ត្រូវបានវាយប្រហារពីអាកាស។
ក្រសួងការពារជាតិរបស់ អ៊ុយក្រែន មិនទាន់មានប្រតិកម្មអ្វីទៅនឹងព័ត៌មានខាងលើនៅឡើយ។