Skip to content

សហភាព​អឺរ៉ុប ព​ន្លឿ​ន​ដំណើរការ​ពិនិត្យ​លទ្ធភាព​ទទួលយក អ៊ុយ​ក្រែ​ន ជា​សមាជិក

សហភាព​អឺរ៉ុប (EU) បានប្រគល់​ឱ្យ អ៊ុយ​ក្រែ​ន នូវ​កម្រង​សំណួរ​សម្រាប់​កិច្ចពិភាក្សា​នានា​ស្ដីពី​ការចូលរួម​របស់ អ៊ុយ​ក្រែ​ន នៅក្នុង​អង្គការ​នេះ ដែល​នេះ​គឺជា​ដំណាក់កាល​សំខាន់​សម្រាប់​ការពិនិត្យ​លទ្ធភាព​បញ្ចូល អ៊ុយ​ក្រែ​ន ទៅក្នុង​សហភាព។

ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen បានប្រគល់​សំបុត្រ​មួយច្បាប់​ឱ្យ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី នៅក្នុង​ជំនួប​នា រដ្ឋធានី​កៀវ កាលពី​ថ្ងៃទី ៨ មេសា។ លោកស្រី​ឱ្យដឹងថា ក្នុង​សំបុត្រ​នោះ​មាន «កម្រង​សំណួរ​ដែលជា​មូលដ្ឋាន​សម្រាប់​កិច្ចពិភាក្សា​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ» ស្ដីពី​ការទទួលយក អ៊ុយ​ក្រែ​ន របស់ EU។

«នោះ​គឺជា​ទី​ចាប់ផ្ដើម​ឆ្ពោះទៅកាន់ អឺរ៉ុប និង EU របស់​អ្នក» លោកស្រី von der Leyen ថ្លែង​ដូច្នេះ និង​បង្ហាញ​អំពី​ក្ដីសង្ឃឹម​ដែលថា អាច​សហការ​ជិតស្និទ្ធ​ជាមួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដើម្បី​សម្រេចបាន​នូវ​កម្រង​សំណួរ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ទៀត។ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី សើច និង​ប្រាប់ថា អ៊ុយ​ក្រែ​ន អាច​សម្រេចបាន​នូវ​កម្រង​សំណួរ​នេះ​ក្នុង​រយៈពេល ១ សប្ដាហ៍។

មេដឹកនាំ EU ក៏បាន​រំលឹក​អំពី​ទណ្ឌកម្ម​សំដៅលើ រុស្ស៊ី ផងដែរ។ លោកស្រី​ថា «រុស្ស៊ី នឹង​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា ខណៈដែល អ៊ុយ​ក្រែ​ន កំពុង​ឆ្ពោះទៅកាន់​អនាគត​នៅ អឺរ៉ុប។ នោះ​គឺជា​អ្វីដែល​ខ្ញុំ​មើលឃើញ»។

ប្រធាន EU រួម​នឹង​មន្ត្រី​ទទួលបន្ទុក​គោលនយោបាយ​កិច្ចការបរទេស​របស់ EU លោក Josep Borrell បានធ្វើ​ទស្សនកិច្ច ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៨ មេសា ជា​ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់​លើក​ទី​ពីរ​របស់​មន្ត្រី EU ទៅកាន់​ប្រទេស​នេះ ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ៕

Leave a Reply

Your email address will not be published. Required fields are marked *