Skip to content

សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៤៤៖ ចំណត​រថភ្លើង​ត្រូវ​គ្រាប់​រ៉ុក្កែត ធ្វើឱ្យ​មនុស្ស​រាប់សិប​នាក់​ត្រូវស្លាប់

អាជ្ញាធរ​អ៊ុយ​ក្រែ​ន ប្រកាសថា ចំណត​រថភ្លើង Kramatorsk បាន​រង​គ្រាប់​រ៉ុក្កែត បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ៥០ នាក់ ប៉ុន្តែ រុស្ស៊ី ប្រកាសថា មិនមែនជា​អំពើ​របស់ខ្លួន។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ៨ មេសា បាន​ចោទថា កងកម្លាំង​រុស្ស៊ី បាន​បាញ់​កាំជ្រួច​ផ្លោង Tochka-U ចំនួន ២ គ្រាប់ សំដៅលើ​ចំណត​រថភ្លើង Kramatorsk នៅ​ទីក្រុង Kramatorsk របស់​ខេត្ត Donetsk ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។

ក្រុមមន្ត្រី​ក្នុង​តំបន់​ខាងលើ​ឱ្យដឹងថា មនុស្ស ៥០ នាក់​បាន​ស្លាប់ និង​អ្នករងរបួស​ច្រើន​រហូតដល់​ថ្នាក់​ធ្វើឱ្យ​បណ្ដា​មន្ទីរពេទ្យ​ក្នុង​តំបន់ អស់​គ្រែ​ទំនេរ បន្ទាប់ពី​រង​ការវាយប្រហារ​ពី​កាំជ្រួច​ផ្លោង​នោះ។

ក៏ប៉ុន្តែ វិមាន​ក្រឹម​ឡាំង បាន​ច្រានចោល​ការចោទប្រកាន់​ពី អ៊ុយ​ក្រែ​ន ដោយ​ថា កងទ័ព​រុស្ស៊ី ពុំមាន​ផែនការ​ធ្វើសង្គ្រាម​​ណា​មួយ​​នៅ ​Kramatorsk ក្នុង​ថ្ងៃទី ៨ មេសា។ ចំណែក​ក្រសួងការពារជាតិ​រុស្ស៊ី ក៏បាន​ប្រកាស​ដូចគ្នានេះដែរ។

ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ឱ្យដឹងថា មនុស្ស​ជាង ៤.៨៣ លាន​នាក់ បាន​ចាក​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងពេល​សង្គ្រាម​ផ្ទុះឡើង។ មនុស្ស​ជាច្រើន​បាន​ចូលទៅ​កាន់​ទឹកដី​ប្រទេស​ក្បែរ​ខាង មុននឹង​ទៅកាន់​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅ អឺរ៉ុប។

ក្នុងចំណោម​ជនភៀសខ្លួន​ខាងលើ មាន​ជិត ២.៥៤ លាន​នាក់ បាន​ទៅកាន់ ប្រទេស​ប៉ូឡូញ, ជាង ៦៧១ ពាន់​នាក់​ទៅកាន់ រូ​ម៉ា​នី, ជាង ៤០០ ពាន់​នាក់ ទៅកាន់ ហុង​គ្រី និង​ជាង ៤០០ ពាន់​នាក់ ទៅកាន់ ម៉ុ​ល​ដាវី។ ក្រៅពីនេះ ក៏មាន​ជាង ៣៧៣ ពាន់​នាក់ បាន​ទៅកាន់ ប្រទេស​រុស្ស៊ី។

Leave a Reply

Your email address will not be published. Required fields are marked *