Skip to content

កូរ៉េខាងជើង ​រុះរើ​សណ្ឋាគារ​ដែល​ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​កិច្ចសហការ​រវាង​កូរ៉េ​ទាំងពីរ

កូរ៉េខាងជើង បាន​រុះរើ​សណ្ឋាគារ​មួយ​ដែល​សាងសង់​ដោយ កូរ៉េខាងត្បូង នៅក្នុង​តំបន់​លម្ហែកាយ​នៃ​ភ្នំ​ពេជ្រ (Geumgansan) ជា​សណ្ឋាគារ​ដែល​ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​កិច្ចសហការ​រវាង កូរ៉េខាងជើង និង កូរ៉េខាងត្បូង។

កូរ៉េខាងត្បូង បាន​សាងសង់​ជំរំ​ផ្ទះ​ស្នាក់នៅ​ចំនួន​រាប់សិប ក្នុង​តំបន់​លម្ហែកាយ ភ្នំ​ពេជ្រ នៅក្នុង​ខេត្ត Kimgang នៃ ប្រទេស​កូរ៉េខាងជើង ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ពី កូរ៉េខាងត្បូង ក្នុង​គ្រា​ដែល​ប្រទេស​ទាំងពីរ​នេះ ឈានដល់​ចំណុចកំពូល​នៃ​ការផ្សះផ្សា​ទំនាក់ទំនង​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩១។

ក៏ប៉ុន្តែ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន កាលពី​ឆ្នាំ ២០១៩ បាន​បញ្ជា​ឱ្យ​រុះរើ​សំណង់​ទាំងនេះ ដោយ​យល់ថា សំណង់​របស់ កូរ៉េខាងត្បូង «មិន​ស្អាត»។ ការរុះរើ​គ្រោង​នឹងធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ ក្រោយមក​ក៏ត្រូវ​បាន​ពន្យារពេល​ដោយសារ​កូ​វីដ-១៩។

ក្រសួង​បង្រួម​បង្រួម​កូរ៉េខាងត្បូង នា​ថ្ងៃនេះ បានឱ្យដឹងថា កូរ៉េខាងជើង ចាប់ផ្ដើម​រុះរើ​សណ្ឋាគារ Haegumgang។ នេះ​គឺជា​សណ្ឋាគារ​អណ្ដែត​លើទឹក ស្ថិត​នៅក្បែរ​ឆ្នេរសមុទ្រ​លម្ហែកាយ និង​ជា​សំណង់​ធំ​មួយ​ក្នុងចំណោម​សំណង់​សម្រាប់​ទេសចរណ៍ ដែល​ត្រូវបាន កូរ៉េខាងត្បូង ផ្ដល់ប្រាក់​ឱ្យ​សាងសង់​ក្នុង​បំណង​ទទួលភ្ញៀវ​ដែល​ចង់​មក​ទស្សនា ភ្នំ​ពេជ្រ ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ ១៩៩៨។

យោងតាម​អ្នកនាំពាក្យ​របស់ ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង លោក Cha Deok-cheol បច្ចុប្បន្ន​មិនដឹង​ច្បាស់​ថា កូរ៉េខាងជើង រុះរើ​សំណង់​នៅក្នុង​ទីតាំង​ទេសចរណ៍​ផ្សេងទៀត​ដែល​ស្ថិតក្នុង​តំបន់​លម្ហែកាយ​ភ្នំ​ពេជ្រ ដែរ ឬ​យ៉ាងណា​នៅឡើយ។ លោក​ថា កូរ៉េខាងត្បូង មានការ​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់ ទីក្រុង​ព្យុងយ៉ាង ហើយ​ស្នើឱ្យ កូរ៉េខាងជើង បើក​ការចរចា​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ទាក់ទង​នឹង​បណ្ដា​សំណង់​របស់ កូរ៉េខាងត្បូង នៅ ភ្នំ​ពេជ្រ នោះ៕

Leave a Reply

Your email address will not be published. Required fields are marked *