IEA បញ្ជាក់ថា ប្រេងចំនួន ១២០ លានធុង ត្រូវបានបញ្ចេញពីឃ្លាំងយុទ្ធសាស្ត្រ ក្នុងនោះ សហរដ្ឋអាម៉េរិក ចូលរួមចំនួនពាក់កណ្ដាល ខណៈ ជប៉ុន ឈរលេខ ២ ដោយបញ្ចេញ ១៥ លានធុង។
អង្គការថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃទី ០៧ មេសា បានឱ្យដឹងថា បរិមាណប្រេងខាងលើនេះនឹងត្រូវបានបណ្ដាប្រទេសជាសមាជិក បញ្ចេញទៅក្នុងទីផ្សារ ក្នុងរង្វង់ ០៦ ខែខាងមុខ ដើម្បីដោះស្រាយស្ថានភាពខ្វះថាមពលនៅទូទាំងសកលលោក ដោយសារសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន។
«សមាជិកទាំងឡាយរបស់ IEA កំពុងធ្វើការបញ្ចេញប្រេងចំនួន ១២០ លានធុងពីឃ្លាំងរួម ក្នុងនោះ អាម៉េរិក រួមចំណែក ៦០ លានធុង» Fatih Birol ប្រធាន IEA សរសេរនៅលើ Twitter ដូច្នេះ និងបន្ថែមថា «ព័ត៌មានលម្អិតស្ដីពីបរិមាណនៃការរួមចំណែករបស់សមាជិកនានា នឹងត្រូវបានប្រកាសនាពេលដ៏ខ្លីខាងមុខ»។
នេះគឺជាការបញ្ចេញប្រេងលើកទី ៥ ពីឃ្លាំងយុទ្ធសាស្ត្ររបស់ IEA រាប់ចាប់ពីឆ្នាំ ១៩៩១។ បរិមាណប្រេងសរុបដែលមាននៅក្នុងឃ្លាំងយុទ្ធសាស្ត្ររបស់ IEA ដែលមានសមាជិកចំនួន ៣១ ប្រទេស គឺ ១.៥ ពាន់លានធុង។