(កូស្ដារីកា)-យន្តហោះដឹកទំនិញ ១ គ្រឿង បានធ្លាក់ចេញពីផ្លូវរត់ និងបាក់ជា ២ កំណាត់ នៅពេលចុះចតនៅព្រលានយន្តហោះអន្តរជាតិ San Jose ក្នុង ប្រទេសកូស្ដារីកា នាតំបន់ អាម៉េរិកកណ្ដាល ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។
យន្តហោះ Boeing-៧៥៧ ធ្វើដំណើរពីព្រលានយន្តហោះអន្តរជាតិ Juan Santamaria នៅជាយក្រុង San Jose ដើម្បីឆ្ពោះទៅកាន់ ក្វាតេម៉ាឡា នៅវេលាថ្ងៃត្រង់នៃថ្ងៃទី ៧ មេសា (យប់ថ្ងៃទី ៧ មេសា នៅ ភ្នំពេញ) ប៉ុន្តែ ត្រូវត្រលប់ក្រោយ បន្ទាប់ពីហោះឡើងបាន ២៥ នាទី ដើម្បីចុះចតបន្ទាន់។ ក្រុមហោះហើរបានរកឃើញបញ្ហានៅក្នុងប្រព័ន្ធអ៊ីដ្រូលីក (hydraulic system)។
ផ្សែងបាញ់ចេញពីយន្តហោះពណ៌លឿងរបស់ក្រុមហ៊ុនដឹកជញ្ជូន អាល្លឺម៉ង់ DHL នៅពេលវាធ្លាក់ចេញពីផ្លូវរត់ និងបានបាក់ជា ២ កំណាត់។
ក្រុមហោះហើរនៃយន្តហោះនេះ មានសុវត្ថិភាព នេះបើតាមមេដឹកនាំអង្គភាពពន្លត់អគ្គិភ័យរបស់ កូស្ដារីកា លោក Hector Chaves។
ហេតុការណ៍នេះបានធ្វើឱ្យព្រលានយន្តហោះត្រូវបិទទ្វាររហូតដល់ម៉ោង ១៨ ក្នុងថ្ងៃដដែល។ អ្នកនាំពាក្យរបស់ DHL ឱ្យដឹងថា ការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើងដើម្បីស្វែងរកមូលហេតុ។