យន្តហោះ Boeing ៧៣៧-៨០០ របស់ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជួបបញ្ហាបច្ចេកទេស និងទម្លាក់កម្ពស់ភ្លាមមៗ ធ្វើឱ្យអ្នកដំណើរលើយន្តហោះភ័យស្លន់ស្លោ ស្រែកទ្រហោយំ ព្រោះគិតថា ពួកគេនឹងត្រូវស្លាប់មិនខាន។
យន្តហោះនេះចេញដំណើរពី ព្រលានយន្តហោះអន្តរជាតិ Kuala Lumpur (KLIA) នៅវេលាម៉ោង ១៤ កន្លះ ថ្ងៃទី ៣ មេសា ២០២២ ហើយពេលកំពុងឆ្ពោះទៅកាន់ទីក្រុង Tawau ក៏ស្រាប់តែមុជក្បាលចុះភ្លាមៗ ចំនួន ២ លើក ក្រោយការហោះឡើងបានប្រហែល ៣០ នាទី។ អ្នកបើកបរបានសម្រេចចិត្តបញ្ជាឱ្យយន្តហោះត្រលប់ក្រោយ និងចុះចតដោយសុវត្ថិភាព។
នាង Halimah Nasoh ដែលជាអ្នកដំណើរម្នាក់នៅលើជើងហោះហើរខាងលើ នាព្រលប់ថ្ងៃនោះ បានចែករំលែករឿងរ៉ាវដែលបានកើតឡើង។ ហេតុការណ៍ដែល Halimah បានរៀបរាប់ ត្រូវបានសារព័ត៌មានរបស់ ម៉ាឡេស៊ី យកមកចុះផ្សាយកាលពីម្សិលមិញ។
យោងតាមកម្មវិធីតាមដានជើងហោះហើរ Flight Radar ដែល Halimah បានទាញយកមកប្រើនៅលើទូរស័ព្ទ យន្តហោះកំពុងស្ថិតនៅលើកម្ពស់ជិត ៧,៦២០ ម៉ែត្រ ក៏ស្រាប់តែធ្លាក់ចុះមកនៅ ៧,០១០ ម៉ែត្រ ធ្វើឱ្យនាង «អណ្ដែត» នៅលើកៅអី ដោយសារមិនបានដាក់ខ្សែក្រវាត់សុវត្ថិភាព។ ក្រោយមក យន្តហោះក៏ងើបឡើងវិញ។
«ពិតជាគួរឱ្យភ័យខ្លាចសម្រាប់មនុស្សជាច្រើនក្នុងចំណោមពួកយើង។ អ្នកដំណើរស្រែកទ្រហោយំ ព្រោះមានអារម្មណ៍ថា ខ្លួនជិតត្រូវស្លាប់ហើយ» នាងសរសេរនៅ Facebook ដូច្នេះ និងបន្តថា «ខ្លួនខ្ញុំត្រូវខ្ទាតច្រើនលើក ព្រោះតែមិនបានដាក់ខ្សែក្រវាត់សុវត្ថិភាព»។
«យន្តហោះមិនមានស្ថិរភាពក្នុងរយៈពេលប្រហែល ១០ នាទី និងបន្តមុជក្បាលចុះម្ដងទៀត ប៉ុន្តែ មិនអាក្រក់ដូចលើកដំបូង។ បើទោះជាមានការភ័យខ្លាច យន្តហោះបានហោះជុំវិញទីក្រុង Melaka មុនពេលវាត្រលប់មកកាន់ KLIA និងចុះចតដោយសុវត្ថិភាពនៅវេលាម៉ោង ១៧ និង ០៣ នាទី» នាង Halimah Nasoh រៀបរាប់ដូច្នេះ និងបានសរសើរចំពោះក្រុមអ្នកបើកបរដែលដោះស្រាយស្ថានការណ៍បន្ទាន់នេះបានល្អ។
ក្រុមហ៊ុន Malaysia Airlines កាលពីថ្ងៃទី ៤ មេសា បានប្រកាសទទួលស្គាល់ថា ជើងហោះហើរដែលមានលេខសម្គាល់ MH២៦៦៤ ពី Kuala Lumpur ទៅកាន់ Tawau នាថ្ងៃទី ៣ មេសា ត្រូវត្រលប់ក្រោយវិញ ដោយសារបញ្ហាបច្ចេកទេស និងអាកាសមិនអំណោយផល។