Skip to content

អាម៉េរិក-អង់គ្លេស-អូស្ត្រាលី អភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង (Hypersonic)

សម្ព័ន្ធមិត្ត AUKUS យល់ព្រម​សហការគ្នា​អភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង និង​សក្ដានុពល​នៃ​ការប្រើប្រាស់​អាវុធ​អេឡិចត្រូនិក ទន្ទឹមនឹង​កិច្ចព្រមព្រៀង​ផលិត​នាវាមុជទឹក​នុយ​ក្លេ​អែរ សម្រាប់ អូស្ត្រាលី។

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន, នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុ​ត ម៉ូ​រី​សុន កាលពី​ម្សិលមិញ​បានបង្ហាញ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កម្មវិធី​អភិវឌ្ឍ​នាវាមុជទឹក​នុយ​ក្លេ​អែរ សម្រាប់ ទីក្រុង​កង់​បេ​រ៉ា។ ទន្ទឹមនឹងនេះ មេដឹកនាំ​ទាំង ៣ ខាងលើ ក៏បាន​ឯកភាពគ្នា​ក្នុងការ​ពង្រីក​ទៅក្នុង​វិស័យផ្សេងៗនៅក្នុង​សម្ព័ន្ធមិត្ត AUKUS ផងដែរ។

«យើង​បានសម្រេច​ដំណើរការ​កិច្ចសហប្រតិបត្តិការ​ត្រីភាគី ក្នុង​វិស័យ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង និង​យុទ្ធសាស្ត្រ​ទប់​ទល់នឹង​អាវុធ​ប្រភេទ​នេះ ក៏ដូចជា​កសាង​សក្ដានុពល​នៃ​ការប្រយុទ្ធ​ដោយ​អេ​ឡិច​ត្រូវ​និក» សេចក្ដីប្រកាស​រួម​បន្ទាប់ពី​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​រវាង​រវាង​មេដឹកនាំ​ប្រទេស​ទាំង ៣ មាន​ឃ្លា​សរសេរ​ដូច្នេះ។

សហរដ្ឋ​អាម៉េរិក និង អូស្ត្រាលី កំពុង​អភិវឌ្ឍ​កម្មវិធី​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង (Hypersonic) ដែលមាន​ឈ្មោះថា SCIFiRE។ អង់គ្លេស​នឹងមិន​ចូលរួម​ក្នុង​គម្រោង​នេះ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ សម្ព័ន្ធមិត្ត AUKUS នឹង​សហការគ្នា​ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍ បង្កើន​ជម្រើស​សម្រាប់​កម្មវិធី​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​ទាំងឡាយ។

អាវុធ Hypersonic ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​យ៉ាងតិច ៥ ដង ប្រហែល​ជាង ៦,២០០ គីឡូម៉ែត្រ/ម៉ោង។ ចំណែក​អាវុធ​ដែល​ហោះ​លឿន​ជាង​សំឡេង ប៉ុន្តែ មិន​លើសពី ៥ ដង ត្រូវបាន​គេ​ហៅថា Supersonic៕

Leave a Reply

Your email address will not be published. Required fields are marked *