សហរដ្ឋអាម៉េរិក ធ្វើការបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចល្បឿនលឿនជាងសំឡេង HAWC តាំងពីខែមីនា ប៉ុន្តែមិនប្រកាសជាសាធារណៈ ដើម្បីចៀសវាងការឡើងកម្ដៅនៃភាពតានតឹងជាមួយ រុស្ស៊ី។
កំណែអាវុធល្បឿនលឿនជាងសំឡេងមួយដើមដែលប្រើប្រាស់ឧបករណ៍ស្រូបខ្យល់ធម្មជាតិ (HAWC) ត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក B-៥២ នៅលើលម្ហសមុទ្រនៃឆ្នេរខាងលិចរបស់ សហរដ្ឋអាម៉េរិក កាលពីពាក់កណ្ដាលខែមីនា ២០២២ ដែលនេះគឺជាជោគជ័យដំបូងនៃកំណែ HAWC របស់ក្រុមហ៊ុន Lockheed Martin។ ប៉ុន្តែ ព័ត៌មាននេះត្រូវបានកងទ័ពអាម៉េរិក លាក់បាំងក្នុងរយៈពេល ២ សប្ដាហ៍ ដើម្បីបញ្ចៀសការកើនឡើងនៃភាពតានតឹងជាមួយ រុស្ស៊ី នេះបើតាមការបង្ហើបឱ្យដឹងនាថ្ងៃនេះរបស់មន្ត្រីម្នាក់នៅ មន្ទីរបញ្ចកោណ។
ក្នុងការធ្វើតេស្ត អាវុធខាងលើហោះក្នុងល្បឿនលឿនជាងសំឡេង ៥ ដង ដែលនេះគឺជាល្បឿនយឺតបំផុតសម្រាប់អាវុធប្រភេទល្បឿនលឿនជាងសំឡេង។
មន្ត្រីអាម៉េរិកខាងលើ មិនបាននិយាយអ្វីបន្ថែម គ្រាន់តែប្រាប់ថា អាវុធដែលបានធ្វើតេស្តនោះ ហោះក្នុងរយៈកម្ពស់ប្រហែល ២០ គីឡូម៉ែត្រ និងឆ្លងកាត់ចម្ងាយផ្លូវជិត ៥០០ គីឡូម៉ែត្រ ដោយប្រើពេលមិនដល់ ៥ នាទី។
ការសាកល្បងអាវុធរបស់ អាម៉េរិក ត្រូវបានធ្វើឡើងបន្ទាប់ពី រុស្ស៊ី ប្រកាសប្រើប្រាស់កាំជ្រួចល្បឿនលឿនជាងសំឡេងឈ្មោះ Kinzhal ដើម្បីវាយប្រហារឃ្លាំងអាវុធនៅក្នុងតំបន់ភាគខាងលិច និងភាគនិរតីរបស់ អ៊ុយក្រែន៕