Skip to content

តំបន់​ផ្ដាច់ខ្លួន​នៅ ប្រទេស​ហ្ស​ក​ហ្ស៊ី ប្រកាស​ផែនការ​​ច្របាច់​បញ្ចូល​ទៅ​ក្នុង​ សហព័ន្ធរុស្ស៊ី

មេដឹកនាំ​របស់ អូ​សេ​ទី​ខាងត្បូង (South Ossetia) ដែលជា​តំបន់​ផ្ដាច់ខ្លួន​នៅក្នុង ប្រទេស​ហ្ស​ក​ហ្ស៊ី ប្រកាស​អំពី​លទ្ធភាព​នៃ​ការធ្វើប្រជាមតិ ២ លើក ស្ដីពី​ការច្របាច់បញ្ចូល​ទៅក្នុង សហព័ន្ធរុស្ស៊ី និង​បង្រួបបង្រួម​ជាមួយ អូ​សេ​ទី​ខាងជើង (North Ossetia) ដែលជា​សាធារណរដ្ឋ​មួយ​នៅ រុស្ស៊ី។

សារព័ត៌មាន Sputnik ថ្ងៃនេះ​បាន​ដកស្រង់​សម្ដី​របស់​មេដឹកនាំ ដែនដី​អូ​សេ​ទី​ខាងត្បូង Anatoly Bibilov ឱ្យដឹងថា ដំណើរការ​នៃ​ការច្របាច់បញ្ចូល​ទៅក្នុង ប្រទេស​រុស្ស៊ី និង​បង្រួបបង្រួម​ជាមួយ អូ​សេ​ទី​ខាងជើង នឹងមិន​ត្រូវបាន​ធ្វើឡើង​ដំណាលគ្នា ព្រោះតែ​បញ្ហា​ផ្លូវច្បាប់។ ដូច្នេះ អូ​សេ​ទី​ខាងត្បូង អាច​នឹងធ្វើ​ប្រជាមតិ ២ លើក ស្ដីពី​បញ្ហា​នេះ ក្នុងនោះ ប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល​ទៅក្នុង សហព័ន្ធរុស្ស៊ី អាច​នឹង​ត្រូវបាន​ធ្វើឡើង​ក្នុង​ថ្ងៃទី ១០ មេសា ២០២២។

លោក Bibilov បាន​និយាយថា «លុះណាតែ អូ​សេ​ទី​ខាងត្បូង បាន​ក្លាយជា​ផ្នែក​មួយ​របស់ សហព័ន្ធរុស្ស៊ី ទើប​ការបង្រួបបង្រួម​ជាមួយ អូ​សេ​ទី​ខាងជើង អាច​ដំណើរការបាន»។ លោក​បន្ថែមថា ការចរចា​ជាមួយ រុស្ស៊ី កំពុង​ត្រូវបានធ្វើ​បន្ត។

លោក Anatoly Bibilov និង​លោក Putin

ដែនដី អូ​សេ​ទី ស្ថិតនៅ​ជាប់​នឹង​ជួរ​ភ្នំ kavkaz ឬ Caucasus បាន​ក្លាយជា​ផ្នែក​មួយ​របស់ ចក្រភព​រុស្ស៊ី ក្នុង​ឆ្នាំ ១៧៧៤។ ឆ្នាំ ១៩២២ ដែនដី​នេះ​ត្រូវបាន​ពុះ​ចែកជា ២ ផ្នែក ក្នុងនោះ អូ​សេ​ទី​ខាងជើង ស្ថិតក្នុង​ទឹកដី​របស់ រុស្ស៊ី ចំណែក អូ​សេ​ទី​ខាងត្បូង ស្ថិតក្នុង​ទឹកដី​របស់ ហ្ស​ក​ហ្ស៊ី។ អូ​សេ​ទី​ខាងត្បូង ផ្ដាច់ខ្លួន​តាំងពីដើម​ទសវត្សរ៍ ១៩៩០ ដោយមាន​សង្គ្រាម​កើតឡើង​ជាច្រើនលើក​ជាមួយ ហ្ស​ក​ហ្ស៊ី ក្នុង ៣ ទសវត្សរ៍​កន្លងមក​នេះ។

ហ្ស​ក​ហ្ស៊ី ជា​ប្រទេសមួយ​ដែល​ធ្លាប់​ស្ថិតក្នុង សហភាពសូវៀត នៅត្រង់​តំបន់ Kavkaz នៅ​ភាគ​ខាងជើង​ប្រទេស ជាប់​ជាមួយ រុស្ស៊ី នាបច្ចុប្បន្ន។ ទំនាក់ទំនង​រវាង ហ្ស​ក​ហ្ស៊ី និង រុស្ស៊ី តែងមាន​ភាព​តានតឹង​ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​កាលពី​ឆ្នាំ ២០០៨ នៅពេល ហ្ស​ក​ហ្ស៊ី វាយប្រហារ​តំបន់​ផ្ដាច់ខ្លួន អាបខាហ្សី (Abkhazia) និង អូ​សេ​ទី​ខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *