Skip to content

ទិដ្ឋភាព​ទាំង​មូល​នៃ​​ឃ្លាំង​​អាវុធ​​នុយ​ក្លេ​អែរ​ របស់​​ពិភព​លោក​ បន្ទាប់​ពី​មាន​​​ការ​គំរាម​​​ដោយ​​​ប្រយោល​​របស់​​មេ​ដឹកនាំ​​​រុស្ស៊ី

វិបត្តិ​នៅ អ៊ុយ​ក្រែ​ន បាន​បណ្ដាលឱ្យ​មានការ​បារម្ភ​អំពី​ហានិភ័យ​ទាក់ទង​នឹង​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក ហើយ​ការបារម្ភ​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន ក្រោយពី​សង្គ្រាមត្រជាក់​បាន​បញ្ចប់។

ក្រោយ​ការចូល​ឈ្លានបាន​លើ ប្រទេស​អ៊ុយ​ក្រែ​ន បាន ២ ថ្ងៃ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បានដាក់​កម្លាំង​នុយ​ក្លេ​អែរ របស់ រុស្ស៊ី ក្នុង «ស្ថានភាព​ត្រៀមប្រយុទ្ធ​ពិសេស» បន្ទាប់មក​ក៏បាន​ព្រមាន​ថា ប្រទេស​ណាក៏ដោយ ឱ្យតែ​ចូលធ្វើ​អន្តរាគមន៍​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹងត្រូវ​រង​ផលវិបាក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Lavrov ក៏បាន​ព្រមាន​ថា សង្គ្រាមលោកលើកទីបី នឹង​ទាក់ទិន​ទៅនឹង​អាវុធ​នុយ​ក្លេ​អែរ។ ថ្មីៗនេះ អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង Peskov បាន​ប្រាប់​សារព័ត៌មាន CNN ថា អាវុធ​នុយ​ក្លេ​អែរ អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងករណី​មាន «ការ​គំរាម​ដល់​អាយុជីវិត​នៃ​ប្រទេសជាតិ​របស់​យើង»។

ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអែរ របស់ អាម៉េរិ និង រុស្ស៊ី

ទាំង រុស្ស៊ី ទាំង អាម៉េរិក សុទ្ធ​តែមាន​អាវុធ​នុយ​ក្លេ​អែរ ចំនួន​រាប់ពាន់​គ្រាប់​ក្នុង​ដៃ ដែល​ភាគច្រើន​មាន​កម្លាំង​បំផ្លាញ​ធំ​ជាង ៥ ដង ធៀប​នឹង​គ្រាប់បែកបរមាណូ​ដែល​ត្រូវបាន​ទម្លាក់​លើទឹក​ដី​របស់ ជប៉ុន កាលពី​ឆ្នាំ ១៩៤៥។ ក្នុងចំណោម​នោះ មាន​ប្រហែល ១,៦០០ គ្រាប់ ស្ថិតក្នុង​ការត្រៀម​ប្រយុទ្ធ​ជាស្រេច និង​អាច​វាយ​ចំ​គោលដៅ​ទូទាំង​សកលលោក។

ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ ដែល​ពិភពលោក​កំពុងមាន គឺ​ជិត​ស្មើនឹង​ដែន​កំណត់​របស់ កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី ឆ្នាំ ២០១១ ដែល​តែង​ត្រូវបាន​គេ​ហៅថា NEW START ជា​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​ប្រល័យ​លោក​តែមួយគត់​ដែល​កំពុងមាន​សុពលភាព រវាង រុស្ស៊ី និង អាម៉េរិក។

អាម៉េរិក សាកល្បង​អាវុធ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអែរ

ឃ្លាំង​អាវុធ​របស់​ប្រទេស​ទាំងពីរ​ខាងលើ រួមមាន កាំជ្រួច​ផ្លោង​អន្តរទ្វីប (ICBM), កាំជ្រួច​ផ្លោង​បាញ់​ពី​នាវាមុជទឹក, រ៉ុក្កែត​បាញ់​ពី​យន្តហោះ​ចម្បាំង។ អាវុធ​ទាំងនោះ ភាគច្រើន​មាន​សមត្ថភាព​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ ដែល​អាច​វាយប្រហារ​ច្រើន​គោលដៅ​ក្នុងពេល​តែមួយ។

ដើម្បី​ធានាឱ្យមាន​ការគោរព​ទៅតាម​ការកំណត់​ទៅលើ​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ និង​រ៉ុក្កែត កិច្ចព្រមព្រៀង NEW START ក៏​រួមបញ្ចូល​ទាំង​ការត្រួតពិនិត្យ​គ្នា​ទៅវិញទៅមក ដើម្បី​បញ្ជាក់​អំពី​ការគោរព​កិច្ចព្រមព្រៀង។ រហូតមកដល់​ឆ្នាំ ២០១៨ ទាំង រុស្ស៊ី ទាំង អាម៉េរិក សុទ្ធតែ​បាន​គោរព​តាម​កិច្ចព្រមព្រៀង NEW START ហើយ​មកដល់​ឆ្នាំ ២០២១ កិច្ច​ព្រម​ព្រៀម​នេះ​ក៏ត្រូវ​បាន​ពន្យារ​សុពលភាព ៥ ឆ្នាំ​ទៀត។

ឃ្លាំង​អាវុធ​នុយ​ក្លេ​អែរ របស់​ប្រទេស​ទាំងពីរ​នេះ ក៏មាន​ទាំង​អាវុធ​នុយ​ក្លេ​អែរ​រយៈ​ចម្ងាយ​ខ្លី​រាប់រយ​គ្រាប់​ផងដែរ ដែល​មិន​ត្រូវគោរព​តាម​កិច្ចព្រមព្រៀង​ណា​ទាំងអស់។ បច្ចុប្បន្ន រុស្ស៊ី មាន​ក្បាល​គ្រាប់​ប្រភេទ​នេះ​ជិត ២,០០០ គ្រាប់ ច្រើនជាង អាម៉េរិក ប្រហែល ១០ ដង។ នេះ​បើតាម​ការ​គណនា​របស់​អង្គការក្រៅរដ្ឋាភិបាល។

រុស្ស៊ី

ជាង​ពាក់កណ្ដាល​ក្នុងចំណោម​អាវុធ​នុយ​ក្លេ​អែរ​ប្រហែល ២០០ គ្រាប់ របស់ អាម៉េរិក ត្រូវបាន​គេ​ជឿថា កំពុង​ត្រៀមប្រយុទ្ធ​នៅក្នុង​ប្រទេស​ចំនួន ៥ របស់ ណា​តូ រួមមាន បែលហ្ស៊ិក, អាល្លឺម៉ង់, អ៊ីតាលី, ហូ​ឡង់ និង​តួ​ក​គី។ ក្នុងពេល​មាន​សង្គ្រាម យន្តហោះ​របស់ ណា​តូ នឹង​ហោះ​ពី​ប្រទេស​ទាំង ៥ នេះ ឆ្ពោះទៅកាន់​គោលដៅ មុននឹង​ទម្លាក់ ឬ​បាញ់​សំដៅ​ទីតាំង​របស់​សត្រូវ។

ប្រទេស​បារាំង មាន​ទាំង​រ៉ុក្កែត​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ បាញ់​ពី​នាវាមុជទឹក និង​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ បាញ់​ពី​យន្តហោះ​ចម្បាំង ខណៈដែល អង់គ្លេស មាន​អាវុធ​នុយ​ក្លេ​អែរ បាញ់​ពី​នាវាមុជទឹក។ ប្រទេស​ទាំងពីរ​នេះ សុទ្ធតែ​មិនបាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​នុយ​ក្លេ​អែរ របស់ អាម៉េរិក និង រុស្ស៊ី។

ប្រទេស​ចិន

អាម៉េរិក, បារាំង និង អង់គ្លេស ការពារ​សម្ព័ន្ធមិត្ត​ណា​តូ ក្រោម «ឆត្រ​នុយ​ក្លេ​អែរ» ទៅតាម​កិច្ចព្រមព្រៀង​របស់ ណា​តូ ដែលថា ការវាយប្រហារ​ទៅលើ​ប្រទេស​ណាមួយ​ក្នុង​សម្ព័ន្ធមិត្ត​នេះ នឹងត្រូវ​ចាត់ទុកថា ជាការ​វាយប្រហារ​ទៅលើ ណា​តូ ទាំងមូល។

ចំណែក​ឃ្លាំង​អាវុធ​នុយ​ក្លេ​អែរ របស់ ប្រទេស​ចិន វិញ បច្ចុប្បន្ន​មាន​ក្បាល​គ្រាប់​ប្រហាក់ប្រហែល​នឹង អង់គ្លេស និង បារាំង។ ប៉ុន្តែ វា​ត្រូវបាន​ផលិត​យ៉ាង​ឆាប់រហ័ស។ ទាំង ចិន, បារាំង និង អង់គ្លេស សុទ្ធតែ​មិនត្រូវ​គោរព​តាម​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​ណា​ទាំងអស់។

ឥណ្ឌា

ប្រទេស​ឥណ្ឌា, ប៉ា​គី​ស្ថាន និង អ៊ីស្រាអែល មាន​អាវុធ​នុយ​ក្លេ​អែរ រាប់សិប​គ្រាប់រៀងៗខ្លួន។ គ្មាន​ប្រទេស​ណាមួយ​ក្នុងចំណោម​នេះ បាន​ចូលរួម​កិច្ចព្រមព្រៀង​មិន​រីក​សាយភាយ​អាវុធ​នុយ​ក្លេ​អែរ ជា​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ចូលរួម​យល់ព្រម​កាត់បន្ថយ​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ តាម​ការកំណត់ ធៀប​នឹង​សមាជិក​អចិន្ត្រៃយ៍​ចំនួន ៥ របស់ ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ។

កូរ៉េខាងជើង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិន​រីក​សាយភាយ​អាវុធ​នុយ​ក្លេ​អែរ កាលពី​ឆ្នាំ ១៩៨៥ ប៉ុន្តែ បាន​ដកខ្លួន​កាលពី​ឆ្នាំ ២០០៣។ ទីក្រុង​ព្យុងយ៉ាង បានធ្វើ​តេស្ត​អាវុធ​នុយ​ក្លេ​អែរ និង​រ៉ុក្កែត​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ ជាច្រើនលើក​មកហើយ។

កូរ៉េខាង​ត្បូង

អាវុធ​នុយ​ក្លេ​អែរ ក៏មាន​វត្ត​មាននៅ​ប្រទេស​មួយចំនួន​ផ្សេងទៀត។ កាលពី​ជំនាន់ សូ​វៀត ដួលរលំ ក្នុង​ឆ្នាំ ១៩៩១ សាធារណរដ្ឋ​បេឡា​រូស, អ៊ុយ​ក្រែ​ន និង កា​ហ្សា​ក់​ស្ថាន សុទ្ធ​តែមាន​អាវុធ​នុយ​ក្លេ​អែរ របស់ សូ​វៀត នៅលើ​ទឹកដី​របស់ខ្លួន។ ដើម្បី​ទទួលបាន​ការធានា​សន្តិសុខ​របស់​ពិភពលោក ប្រទេស​ទាំងបី​នេះ ក៏បាន​ប្រគល់​អាវុធ​នុយ​ក្លេ​អែរ ឱ្យ រុស្ស៊ី ទៅតាម​សន្ធិសញ្ញា​ឆ្នាំ ១៩៩៣។

គិត​មកដល់​បច្ចុប្បន្ន (២០២២) មិនមាន​អាវុធ​នុយ​ក្លេ​អែរ ណាមួយ ត្រូវបាន​ប្រើប្រាស់​ក្នុង​សង្គ្រាម រាប់​ចាប់តាំងពី សហរដ្ឋ​អាម៉េរិក បាន​ទម្លាក់​គ្រាប់បែក​ប្រល័យ​លោក​ទៅលើ​ទីក្រុង Hiroshima និង Nagasaki របស់ ជប៉ុន កាលពី​ឆ្នាំ ១៩៤៥។ ក៏ប៉ុន្តែ ព្រឹត្តិការណ៍ថ្មីៗនេះ បានធ្វើឱ្យ​ពិភពលោក​យល់ថា ហានិភ័យ​នៃ​ការប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ នៅតែ​ជា​សេណារីយោ​ដែល​គួរឱ្យ​ភ័យខ្លាច​ជាទីបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *