សមត្ថកិច្ចរបស់ ប្រទេសអេស្ប៉ាញ ប្រកាសអំពីការរឹបអូសនាវាទេសចរណ៍ Tango របស់មហាសេដ្ឋី Viktor Vekselberg ដែលត្រូវបាន អាម៉េរិក បញ្ចូលទៅក្នុងបញ្ជីខ្មៅ។
ក្រុមប៉ូលិសអេស្ប៉ាញ កាលពីម្សិលមិញប្រកាសថា បានសហការជាមួយកម្លាំងពិសេសរបស់ សហរដ្ឋអាម៉េរិក រឹបអូសនាវាមួយគ្រឿងដែលមានបណ្ដោយ ៧៨ ម៉ែត្រ នៅ Palma de Mallorca ជាទីក្រុងកំពង់ផែនៅភាគខាងលិចនៃ សមុទ្រមេឌីទែរ៉ាណេ។
នាវាទេសចរណ៍ដែលមានតម្លៃ ៩៩ លានដុល្លារ គឺជាកម្មសិទ្ធិរបស់ មហាសេដ្ឋីរុស្ស៊ី Viktor Vekselberg ប្រធានក្រុមហ៊ុន Renova។ ក្រុមហ៊ុននេះ រួមនឹងក្រុមហ៊ុនជាច្រើនទៀតរបស់ រុស្ស៊ី ត្រូវ សហរដ្ឋអាម៉េរិក ដាក់ចូលទៅក្នុងបញ្ជីខ្មៅឆ្នាំ ២០១៨ ក្នុងកិច្ចប្រឹងប្រែងដើម្បីដាក់ទណ្ឌកម្មលើ ទីក្រុងមូស្គូ ក្រោមបទចោទថា ទាក់ទងទៅនឹងសកម្មភាពវាយប្រហារលើ «គ្រឹះប្រជាធិបតេយ្យរបស់លោកខាងលិច»។
Vekselberg មិនស្ថិតក្នុងបញ្ជីដែលត្រូវ សហភាពអឺរ៉ុប ដាក់ទណ្ឌកម្ម ប៉ុន្តែ លោកកំពុងត្រូវបានស៊ើបអង្កេតនៅ សហរដ្ឋអាម៉េរិក ក្រោមបទចោទថា លាក់បាំងអំពីសិទ្ធិជាម្ចាស់នាវាទេសចរណ៍ដើម្បីគេចពីទណ្ឌកម្ម។
កម្លាំងពិសេសរបស់ អេស្ប៉ាញ និង សហរដ្ឋអាម៉េរិក បានរឹបអូសឯកសារ កុំព្យូទ័រនៅលើនាវាដែលមានសញ្ជាតិ ឃុក (Cook Islands) ដែលជាប្រទេសដីកោះមួយនៅ មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ដើម្បី «ស្វែងរកអត្តសញ្ញាណម្ចាស់កម្មសិទ្ធិពិតប្រាកដ»។ នេះគឺជានាវាទេសចរណ៍ទីពីរទាក់ទងនឹង មហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានរឹបអូសនៅ អេស្ប៉ាញ ចាប់តាំងពី រុស្ស៊ី បានបើកការឈ្លានពានលើ ទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២។
អាជ្ញាធររបស់ បារាំង និង អ៊ីតាលី ក៏បានរឹបអូសនាវាទេសចរណ៍ជាច្រើនគ្រឿងដែលទាក់ទិននឹងក្រុមអ្នកមានអំណាចនៅ រុស្ស៊ី ក្នុងកិច្ចខិតខំដើម្បីបង្ខំឱ្យ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដកកងទ័ពចេញពី អ៊ុយក្រែន៕