Skip to content

កូរ៉េខាងជើង គំរាម​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ ប្រឆាំង កូរ៉េខាងត្បូង

កងកម្លាំង​នុយ​ក្លេ​អែរ របស់ កូរ៉េខាងជើង នឹងធ្វើ​សកម្មភាព​បើសិន កូរ៉េខាងត្បូង បង្កឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា ឬ​ផ្ដើម​ការវាយប្រហារ​លើ កូរ៉េខាងជើង។

«យើង​នឹងមិន​ចាប់ផ្ដើម​ការវាយប្រហារ​មុន បើសិន​មិនមាន​ការបង្ក​ហេតុ។ បើសិន កូរ៉េខាងត្បូង ជ្រើសរើស​ការប្រើប្រាស់​ក​ម្លាំ​ង​យោធា កងកម្លាំង​នុយ​ក្លេ​អែរ របស់​យើង​នឹង​អនុវត្តតាម​ភារកិច្ច​ដែល​ត្រូវបាន​ប្រគល់» គីម យ៉ូ​ជុង (Kim Yo-jong) អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េខាងជើង និង​ជា​ប្អូនស្រី​បង្កើត​របស់ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អុន បានឱ្យដឹង​ក្នុង​ប្រកាស​មួយនា​ថ្ងៃនេះ។

នេះ​គឺជា​ប្រកាស​ទី​ពីរ​របស់​លោកស្រី គីម យ៉ូ​ជុង ដែល​ត្រូវបាន​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ចុះផ្សាយ​ក្នុងអំឡុង​ប៉ុន្មាន​ថ្ងៃ​មកនេះ បន្ទាប់ពី រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង ស៊ូ វុ​ក (Suh Wook) ថ្លែងថា កងទ័ព​កូរ៉េខាងត្បូង មាន​រ៉ុក្កែត ច្រើន​ប្រភេទ ដែល «មាន​សមត្ថភាព​វាយ​ចំ​គោលដៅ និង​រហ័ស ចំពោះ​គ្រប់​គោលដៅ​នៅ កូរ៉េខាងជើង»។

មន្ត្រី​កូរ៉េខាងជើង សង្កត់ធ្ងន់ថា ប្រទេស​នេះ​ប្រឆាំងនឹង​ជម្លោះ​ដែល​អាច​រុញច្រាន​ឧបទ្វីប​ធ្លាក់​ទៅក្នុង​មហន្តរាយ ដូច​សង្គ្រាម​កូរ៉េ នៅ​ដើម​ទសវត្សរ៍ ១៩៥០ ប៉ុន្តែ បាន​ព្រមាន​ថា គ្រប់យ៉ាង​អាច​ផ្លាស់ប្ដូរ អាស្រ័យ​លើ​សកម្មភាព​របស់ កូរ៉េខាងត្បូង។

ភាព​តានតឹង​នៅ ឧបទ្វីប​កូរ៉េ កំពុង​កើនឡើង​ក្នុងអំឡុង​ច្រើន​សប្ដាហ៍​កន្លង។ ទីក្រុង​ព្យុងយ៉ាង បាន​បង្កើន​សកម្មភាព​នៅ​ទីតាំង​សាកល្បង​រ៉ុក្កែត និង​អាវុធ​នុយ​ក្លេ​អែរ ក្រោយពី​បាន​និយាយ​កាលពី​ខែមករា​ថា ប្រទេស​នេះ​នឹង​បញ្ចប់​ការ​បង្កក​ការសាកល្បង​អាវុធ។ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​រ៉ុក្កែត​ច្រើន​ប្រភេទ ចាប់តាំងពី​ដើមឆ្នាំ ក្នុងនោះ​ក៏មាន​ករណី​បាញ់​កាំជ្រួច​ផ្លោង​អន្តរទ្វីប Hwasong-១៧ កាលពី​ខែមីនា​ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *