(អាល្លឺម៉ង់)-បុរសម្នាក់នៅទីក្រុង Magdeburg ត្រូវបានចោទប្រកាន់ថា បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៩០ ដូស ដើម្បីយកប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំង ហើយលក់វាឱ្យអ្នកទាំងឡាយណាដែលមិនចង់ចាក់វ៉ាក់សាំង។
បុរសខាងលើនេះ ត្រូវបានគេជឿថា បានទៅកាន់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងនានានៅក្នុងរដ្ឋ Saxony ដើម្បីទទួលការចាក់វ៉ាក់សាំងរាប់សិបដូសក្នុងរយៈពេលច្រើនខែ រហូតដល់ពេលត្រូវសមត្ថកិច្ចរកឃើញកំហុស។
ជននេះមិនត្រូវបានឃុំខ្លួន ប៉ុន្តែកំពុងត្រូវបានស៊ើបអង្កេតក្រោមបទចោទ ផ្ដល់ប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងដោយខុសច្បាប់ និងក្លែងបន្លំលិខិតស្នាម។ បុរសនេះត្រូវបានចាប់ខ្លួននៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយក្នុងតំបន់ Eilenburg នៅពេលទៅទទួលការចាក់វ៉ាក់នៅថ្ងៃចន្ទជាបន្តបន្ទាប់។ ប៉ូលិសបានរឹបអូសយកប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងជាច្រើនដែលបុរសនេះយកតាមខ្លួន។ ដោយការទៅទទួលការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ជននេះនឹងយកលេខឡូត៍វ៉ាក់សាំងពិតដើម្បីកត់ចូលក្នុងប័ណ្ណបញ្ជាក់។
បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា វ៉ាក់សាំង ៩០ ដូស ដែលជននេះបានទទួលការចាក់ ជារបស់ក្រុមហ៊ុនណាខ្លះ និងមានផលប៉ះពាល់អ្វីខ្លះដល់សុខភាពរបស់ជននេះនៅឡើយ។
សមត្ថកិច្ចរបស់ អាល្លឺម៉ង់ ប៉ុន្មានខែចុងក្រោយនេះ បានធ្វើការស្រាវជ្រាវរកសកម្មភាពក្លែងបន្លំឯកសារស្ដីពីការចាក់វ៉ាក់សាំងបង្ការកូវីដ-១។ មនុស្សជាច្រើនមិនព្រមចាក់វ៉ាក់សាំង ប៉ុន្តែចង់បានប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងដើម្បីងាយស្រួលដើរហើរ ដែលនេះគឺជាមូលហេតុនាំឱ្យបុរសខាងលើរកវិធីរកប្រាក់។
ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ០៣ មីនា បានឱ្យដឹងថា បានរកឃើញករណីឆ្លងកូវីដ-១៩ ជាង ៧៤,០០០ នាក់ទៀត ប៉ុន្តែ នេះគឺជាតួលេខដែលទាបជាងប្រហែល ៣៧,០០០ នាក់ ធៀបនឹង ១ សប្ដាហ៍មុន។ ជាសរុប ប្រទេសនេះមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ១៣០,០២៩ នាក់៕