Skip to content

សម្ព័ន្ធមិត្ត​ទាំងឡាយ​របស់ អាម៉េរិក យល់ព្រម​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ

បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់ សហរដ្ឋ​អាម៉េរិក យល់ស្រប​ក្នុងការ​បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​ដើម្បី​បញ្ចុះតម្លៃ​ប្រេង​ដែល​បាន និង​កំពុង​ឡើង​ខ្ពស់ ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​ថ្នាក់​រដ្ឋមន្ត្រី របស់ អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) ដែល​ដឹកនាំ​ដោយ រដ្ឋមន្ត្រី​ថាមពល​អាម៉េរិក Jennifer Granholm កាលពី​ថ្ងៃទី ១ មេសា។ IEA ឱ្យដឹងថា ព័ត៌មាន​លម្អិត​ស្ដីពី​ការសម្រេចចិត្ត​ខាងលើ នឹងត្រូវ​បានប្រកាស​នៅ​ដើម​សប្ដាហ៍​ក្រោយ។

ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន មុន​នោះបាន​ឱ្យដឹងថា IEA បាន​យល់ព្រម «បញ្ចេញ​ប្រេង​រាប់សិប​លាន​ធុង​ទៅក្នុង​ទីផ្សារ»។ IEA ដែលមាន​សមាជិក ៣១ ប្រទេស ក្នុងនោះ​មាន សហរដ្ឋ​អាម៉េរិក បណ្ដា​ប្រទេស​នៅ​អឺរ៉ុប អូស្ត្រាលី និង ជប៉ុន កាលពី​ខែមីនា បាន​សន្យា​បញ្ចេញ​ប្រេង​ចំនួន ៦២.៧ លាន​ធុង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ។

កិច្ចប្រជុំ​របស់ IEA ត្រូវបាន​ធ្វើឡើង ១ ថ្ងៃ បន្ទាប់ពី ប្រធានាធិបតី បៃ​ដិ​ន ប្រកាសថា អាម៉េរិក នឹង​បញ្ចេញ​ប្រេង ១ លាន​ធុង​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល ៦ ខែ ដែល​ប្រហាក់ប្រហែល​នឹង​ជាង ១៨០ លាន​ធុង ដើម្បី​រួមចំណែក​ក្នុងការ​ទប់ទល់​នឹង​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេង ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

នេះ​គឺជា​លើក​ទី ៥ ហើយ ដែល IEA បញ្ចេញ​ប្រេង​ពី​ឃ្លាំង​យុទ្ធសាស្ត្រ ចាប់តាំងពី​ឆ្នាំ ១៩៩១។ បរិមាណ​ប្រេង​សរុប​ក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក IEA គឺ ១.៥ ពាន់​លាន​ធុង៕

Leave a Reply

Your email address will not be published. Required fields are marked *