Skip to content

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាត់​តំណែង​មន្ត្រី​សន្តិសុខ​ពីររូប ដែល​លោក​​ហៅ​ថា ​«មន្ត្រី​ក្បត់»

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បាន​កាត់​តំណែង​របស់​មន្ត្រី​សន្តិសុខ​ពីររូប ដែល​ត្រូវបាន​ចោទប្រកាន់ថា មាន​សកម្មភាព​ក្បត់ និង​រំលោភ​លើ​ពាក្យសម្បថ​ដែលថា ស្មោះត្រង់​នឹង អ៊ុយ​ក្រែ​ន។

«ថ្ងៃនេះ ការសម្រេចចិត្ត​មួយទៀត​ត្រូវបាន​ធ្វើឡើង​ទាក់ទង​នឹង​ពួកក្បត់។ ពេលនេះ ខ្ញុំ​មិនមាន​ពេល​ដើម្បី​ទប់​ទល់នឹង​ពួកក្បត់​ទាំងអស់ ប៉ុន្តែ ពួកវា​នឹងត្រូវ​បានដាក់​ទោស​ជា​បន្តបន្ទាប់» ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ៣១ មីនា ឱ្យដឹង​ដូច្នេះ ទាក់ទង​នឹង​ការសម្រេច​កាត់​តំណែង​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ពីររូប​របស់​ប្រទេស​អ៊ុយ​ក្រែ​ន។

មន្ត្រី​ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែង​ខាងលើ​រួមមាន លោក Naumov Olehovych ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ អគ្គនាយកដ្ឋាន​សន្តិសុខ​ជាតិ​អ៊ុយ​ក្រែ​ន (SBU) និង​លោក Kryvoruchko Oleksandrovych អតីត​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ខេត្ត Kherson។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន មិនបាន​លើកឡើង​ច្បាស់​អំពី​សកម្មភាព​ដែល​លោក​ហៅថា «អំពើ​ក្បត់» របស់​មន្ត្រី​ទាំងពីរ​រូបនេះ​ទេ។

រុស្ស៊ី បាន​បើក​ការឈ្លានពាន​ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២ ដើម្បី បំបាត់​ការពង្រីក​កម្លាំងយោធារ​បស់ អ៊ុយ​ក្រែ​ន។ ក្រោយ​ការប្រយុទ្ធ​គ្នា​រយៈពេល ៣៥ ថ្ងៃ រុស្ស៊ី បាន​ដកទ័ព​ចេញពី​រោងចក្រ Chernobyl ហើយ​ប្រគល់​​​មក​ អ៊ុយ​ក្រែ​ន ​វិញ។

មន្ត្រី​តួ​ក​គី ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស​របស់ រុស្ស៊ី និង អ៊ុយ​ក្រែ​ន អាច​នឹង​ជួបចរចា​ក្នុង​រង្វង់ ១ ឬ ២ សប្ដាហ៍​ខាងមុខ ដើម្បី​ជំរុញឱ្យមាន​ការបញ្ចប់​សង្គ្រាម។

Leave a Reply

Your email address will not be published. Required fields are marked *