បាតុកររាប់រយនាក់បានរកវិធីវាយប្រហារទៅលើវិមានប្រធានាធិបតីរបស់ ស្រីលង្កា ជាប្រទេសកោះនៅ មហាសមុទ្រឥណ្ឌា នាំឱ្យអាជ្ញាធររដ្ឋធានី ដាក់បម្រាមគោចរ។
រលកនៃបាតុកម្មដោយសារបញ្ហាខ្វះប្រេងឥន្ធនៈ និងអតិផរណាកើនឡើងក្នុងរយៈពេលច្រើនសប្ដាហ៍នៅ ប្រទេសស្រីលង្កា បានប្រែទៅជាអំពើហិង្សានៅយប់ថ្ងៃទី ៣១ មីនា នៅ កូឡុំបូ (Colombo) រដ្ឋធានីរបស់ ស្រីលង្កា ក្នុងគ្រាដែលក្រុមបាតុករបានរកវិធីដើម្បីវាយប្រហារទៅលើវិមានរបស់ប្រធានាធិបតី និងទាមទារឱ្យលោក Gotabaya Rajapaksa ចុះចេញពីតំណែង។
កងកម្លាំងសន្តិសុខ បានប្រើប្រាស់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក និងបាញ់ទឹក ដើម្បីបំបែងហ្វូងបាតុករ ដែលមានគ្នារាប់រយនាក់។ សាក្សីបានឱ្យដឹងថា កម្លាំងសន្តិសុខបានបាញ់កាំភ្លើង ប៉ុន្តែ មិនច្បាស់ថា ពួកគេប្រើគ្រាប់ពិត ឬគ្រាប់កៅស៊ូនោះទេ។ ការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមប៉ូលិសកាលពីយប់មិញ បានបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់យ៉ាងតិច ១ នាក់។
ក្រុមបាតុករបានដុតបំផ្លាញរថយន្តប៉ូលិស ១ គ្រឿង និងរថយន្តយោធា ១ គ្រឿង ដែលចតនៅលើដងផ្លូវទៅកាន់វិមានប្រធានាធិបតី Gotabaya Rajapaksa។ ពួកគេបានផ្ដួលរំលំជញ្ជាំងមួយនៅក្នុងតំបន់ ហើយយកដុំថ្មគប់ទៅលើក្រុមប៉ូលិស និងទាហាន។
ហេតុការណ៍ខាងលើនាំឱ្យក្រុមមន្ត្រីយោធាជាន់ខ្ពស់ បើកកិច្ចប្រជុំបន្ទាន់ដើម្បីរកវិធីទប់ទល់នឹងវិបត្តិ។ រដ្ឋធានីកូឡុំបូ ក៏ត្រូវបានដាក់ក្នុងបម្រាមគោចរដោយគ្មានកាលកំណត់។