ក្រសួងការពារជាតិរុស្ស៊ី ប្រកាសបទឈប់បាញ់កាលពីម្សិលមិញ ដើម្បីបើកផ្លូវសម្រាប់ជម្លៀសប្រជាជនចេញពីទីក្រុង Mariupol នៅភាគអាគ្នេយ៍នៃ ប្រទេសអ៊ុយក្រែន។
ច្រកទ្វារមនុស្សធម៌សម្រាប់ការឈ្លៀសប្រជាជនស៊ីវិលពី Mariupol ទៅកាន់ ទីក្រុង Zaporizhzhia ដោយធ្វើដំណើរតាមកំពង់ផែ Berdiansk ដែលគ្រប់គ្រងដោយកងកម្លាំងរបស់ រុស្ស៊ី នឹងត្រូវបានបើកចាប់ពីម៉ោង ១០ ព្រឹក ថ្ងៃទី ៣១ មីនា (ម៉ោងប្រហែល ១៤ នៅ កម្ពុជា) នេះបើតាម ក្រសួងការពារជាតិរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា «ដើម្បីជួយឱ្យសកម្មភាពមនុស្សធម៌នេះទទួលបានជោគជ័យ យើងស្នើសុំឱ្យធ្វើការរួមជាមួយវត្តមានផ្ទាល់របស់ ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និង គណៈកម្មធិការកាកបាទក្រហមអន្តរជាតិ»។
រុស្ស៊ី បានស្នើឱ្យ អ៊ុយក្រែន ធានា «គោរពដោយគ្មានលក្ខខណ្ឌ» ចំពោះបទឈប់បាញ់ មុនម៉ោង ៦ ព្រឹកថ្ងៃនេះ ខណៈដែល អ៊ុយក្រែន ក៏បានស្នើឱ្យបើកច្រកមនុស្សធម៌ថ្មីចំនួន ៤ ទៀត ពី Mariupol ទៅ Zaporizhzhia ក្នុងរយៈពេល ២៤ ម៉ោងកន្លង។
ការសម្រេចឈប់បាញ់នៅ Mariupol ត្រូវបានលើកឡើងបន្ទាប់ពី ប្រធានាធិបតីបារាំង លោក Macron បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី កាលពីព្រលប់ថ្ងៃទី ២៩ មីនា។ ក្រុមមន្ត្រីបារាំង និយាយថា ក្នុងការពិភាក្សានោះ មេដឹកនាំរបស់ រុស្ស៊ី បានយល់ព្រមពិចារណាចំពោះផែនការជម្លៀសប្រជាជនស៊ីវិលចេញពីបណ្ដាទីក្រុងរបស់ អ៊ុយក្រែន ដែលកំពុងត្រូវបានឡោមព័ទ្ធ។
ក៏ប៉ុន្តែ លោក ពូទីន បានអះអាងថា ការបាញ់បន្តក់គ្រាប់ផ្លោងនៅ Mariupol ត្រូវបានបញ្ឈប់ លុះណាតែក្រុមប្រដាប់អាវុធរបស់ អ៊ុយក្រែន ឈប់តតាំង និងចុះចាញ់» នេះបើតាមប្រកាសរបស់ វិមានក្រឹមឡាំង។