ប្រទេសកាណាដា មានផែនការទិញយន្តហោះចម្បាំង F-៣៥ ចំនួន ៨៨ គ្រឿង ដើម្បីធ្វើទំនើបកម្មទ័ពអាកាស និងដើម្បីទប់ទល់នឹងការគំរាមកំហែងថ្មី ក្នុងនោះមាន រុស្ស៊ី ជាដើម។
«យន្តហោះចម្បាំងបំបាំងកាយ F-៣៥ បានបង្ហាញអំពីសក្ដានុពល លក្ខណៈពេញលេញ និងសមត្ថភាពសហការក្នុងសមរភូមិ ដែលនោះគឺជាមូលហេតុនាំឱ្យយើងឈានដល់ដំណាក់កាលបង្ហើយកិច្ចសន្យាទិញដូរ។ កាណាដា ដែលមានដែនអាកាសធំបំផុតមួយក្នុងពិភពលោក ត្រូវការធានាថា ក្រុមហោះហើរនៃយន្តហោះចម្បាំងបន្ទាប់ អាចទប់ទល់នឹងការគំរាមកំហែង» រដ្ឋមន្ត្រីការពារជាតិកាណាដា Anita Anand បានថ្លែងកាលពីម្សិលមិញដូច្នេះ។
បណ្ដាយន្តហោះចម្បាំង F-៣៥ របស់ កាណាដា នឹងដើរតួនាទីសំខាន់ក្នុងការល្បាតដែនអាកាសនៅ អាម៉េរិកខាងជើង ជាមួយនឹងទ័ពអាកាសរបស់ សហរដ្ឋអាម៉េរិក ក្រោមបញ្ជាការរបស់បញ្ជាការដ្ឋានការពារដែនអាកាសអាម៉េរិកខាងជើង (NORAD)។ ពួកវាក៏អាចចូលរួមបេសកកម្មការពារ ណាតូ នៅ អឺរ៉ុប ឬប្រទេសនានា។
មូលហេតុដែលនាំឱ្យ កាណាដា សម្រេចចិត្តទិញយន្តហោះចម្បាំងខាងលើ ត្រូវបាន រដ្ឋមន្ត្រីការបរទេសកាណាដា Melanie Joly ថ្លែងថា «ពិភពលោកបានផ្លាស់ប្ដូរចាប់ពីថ្ងៃទី ២៤ កុម្ភៈ» ជាពេលដែល រុស្ស៊ី បើកការឈ្លានពានទឹកដីរបស់ អ៊ុយក្រែន។
ទ័ពអាកាសរបស់ កាណាដា បច្ចុប្បន្នមានយន្តហោះចម្បាំងពហុមុខងារ CF-១៨A/B ចំនួន ៧៦ គ្រឿង ដែលត្រូវបានអភិវឌ្ឍពីកំណែ F/A-១៨A/B របស់ សហរដ្ឋអាម៉េរិក រួមនឹងយន្តហោះចម្បាំង F/A-១៨ ចំនួន ១៨ គ្រឿង ដែលទទួលបានពី អូស្ត្រាលី កាលពីឆ្នាំ ២០១៩។ យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ កាណាដា នឹងត្រូវបានដាក់ឱ្យចូលនិវត្តន៍ ដោយសារតែផុតអាយុកាលប្រើប្រាស់។
ដំណាក់នៃការចរចាជាមួយក្រុមហ៊ុន Lockheed Martin គ្រោងនឹងចំណាយពេល ៧ ខែ ហើយ កាណាដា អាចទទួលបានយន្តហោះ F-៣៥ ដំបូង ចាប់ពីឆ្នាំ ២០២៥៕