Skip to content

អាម៉េរិក ថា កងទ័ព​របស់ រុស្ស៊ី នៅ​ អ៊ុយក្រែន ដកថយ​ទៅ​ជីក​លេណដ្ឋាន​ការពារ​ខ្លួន​

មន្ត្រី​មន្ទីរ​បញ្ច​កោណ បានឱ្យដឹងថា កងទ័ព​រុស្ស៊ី បាន​ដកថយ​រាប់សិប​គីឡូម៉ែត្រ ទៅ​ទិសខាងកើត​នៃ រដ្ឋធានី​កៀវ និង​ចាប់ផ្ដើម​បង្កើត​ទីតាំង​ការពារ​ខ្លួន​នៅ អ៊ុយ​ក្រែ​ន។

«អ៊ុយ​ក្រែ​ន បាន​រុញច្រាន​កងទ័ព​របស់ រុស្ស៊ី ឱ្យ​ថយក្រោយ ៥៥ គីឡូម៉ែត្រ នៅ​ភាគ​ខាងកើត និង​ភាគ​ឦសាន​នៃ រដ្ឋធានី​កៀវ។ នោះ​គឺជា​ប្រែប្រួល​ដែល​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ។ នៅ​ភាគ​ឦសាន រុស្ស៊ី ជារួម កំពុង​ជីក​លេណដ្ឋាន និង​បង្កើត​ទីតាំង​ឈរជើង​ការពារ​ខ្លួន។ មិនមែន​ពួកគេ​មិន​បន្ត​វាយលុក​ទៅមុខ ប៉ុន្តែ ពេលនេះ​ពួកគេ​មិន​ព្យាយាម​ធ្វើ» មន្ត្រីជាន់ខ្ពស់​នៃ ក្រសួងការពារជាតិ​អាម៉េរិក កាលពី​ថ្ងៃទី ២៨ មីនា បាន​អះអាង​ដូច្នេះ។

មន្ទីរ​បញ្ច​កោណ នា​ថ្ងៃទី ២៩ មីនា បញ្ជាក់ថា កងកម្លាំង​រុស្ស៊ី កំពុង​ស្ថិតនៅ​ចម្ងាយ​ពី រដ្ឋធានី​កៀវ ប្រហែល ២០ គម និង​ត្រូវបាន​រាំងខ្ទប់​នៅ​ទីតាំង​ដែលមាន​ចម្ងាយ​ប្រហែល ១០ គម ពី​ទីក្រុង Chernihiv។ ទីតាំង​មួយចំនួន​របស់ កងទ័ព​រុស្ស៊ី ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១៥ ទៅ ២០ គម ទៅ​ទិសខាងកើត​ក្រុង Kharkov កំពុង​រង​ការ​វាយបក​យ៉ាង​ខ្លាំងក្លា​ពី កងទ័ព​អ៊ុយ​ក្រែ​ន។

បច្ចុប្បន្ន រុស្ស៊ី ហាក់​កំពុង​ផ្ដោតទៅលើ​តំបន់​ផ្ដាច់ខ្លួន Donetsk និង Lugansk នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ មន្ត្រី​អាម៉េរិក និយាយថា មន្ទីរ​បញ្ច​កោណ ជឿថា ទីក្រុង​មូ​ស្គូ កំពុង​ព្យាយាម «ទាក់ទាញ» កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន នៅ​តំបន់​ទាំងនេះ ដើម្បី​កុំឱ្យ​ពួកគេ​អាច​ពង្រាយ​កម្លាំង​ទៅកាន់​តំបន់​ដទៃ។

ការលើកឡើង​ខាងលើ បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​អ្នកនាំពាក្យ​របស់ មន្ទីរ​បញ្ច​កោណ John Kirby និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន «វាយបក​នៅ​ទីតាំង​នានា និង​រុញច្រាន កងទ័ព​រុស្ស៊ី ឱ្យ​ចេញពី​តំបន់​មួយចំនួន»៕

Leave a Reply

Your email address will not be published. Required fields are marked *