Skip to content

កម្ពុជា អត់​មាន​តម្រូវការ​​យន្តហោះ​ចម្បាំង តែ​អាច​បាញ់​ទម្លាក់​រាល់​យន្តហោះ​យោធា​ឈ្លាន​ពាន​របស់​បរទេស​

នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ កំពង់​ក មិត្តភាព​កម្ពុជា-កូរ៉េ នៃ មន្ទីរពេទ្យ​ព្រះអង្គដួង នា​ព្រឹក​ថ្ងៃទី ២៨ មីនា ២០២២ នេះ សម្ដេច ហ៊ុនសែន បាន​ថ្លែងថា រឿង​កងទ័ព កម្ពុជា អត់​មាន​តម្រូវការ​នាវាមុជទឹក និង​យន្តហោះ​ចម្បាំង​អ្វី​ទាំងអស់ ហើយ​ថា ទុក​លុយ​កសាង​មន្ទីរពេទ្យ ផ្លូវថ្នល់ និង​សាលារៀន​វិញ។

ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា កម្ពុជា មាន​សំណាញ់​អាកាស សម្រាប់​ការពារ​ដែនអាកាស ហើយ​អាច​បាញ់​ទម្លាក់​យន្តហោះ​យោធា​របស់​ប្រទេស​ទាំងឡាយណា​ដែល​ហោះ​រំលោភ​ចូល​ដែនអាកាស​ដោយ​មិនបាន​សុំច្បាប់​ជាមុន។ សម្ដេច អះអាងថា ការទិញ​យន្តហោះ​ចម្បាំង គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ហើយ​ថា វា​មិន​អាចធ្វើ​អ្វី​បាន​ច្រើន។

ប្រសាសន៍​ខាងលើ​របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​រត់ប្រណាំង​ផ្នែក​សព្វាវុធ​យ៉ាងខ្លាំង​ក្លា នៅពេល​ជម្លោះ​ប្រដាប់អាវុធ និង​សង្គ្រាម​រវាង​ប្រទេសមួយ​នឹង​ប្រទេសមួយ កំពុង​កើតមាន ក្នុងនោះ​មាន រុស្ស៊ី និង អ៊ុយ​ក្រែ​ន ជាដើម។

នៅក្នុង​បណ្ដា​ប្រទេស​ដែលមាន​ព្រំដែន​ជាប់​នឹង កម្ពុជា រួមមាន ថៃ វៀតណាម និង ឡាវ ភាគច្រើន​ជា​ប្រទេស​ដែលមាន​កម្លាំង​ទ័ព​ខ្លាំងក្លា ក្នុងនោះ ប្រទេស​វៀតណាម សម្រាប់​ឆ្នាំ ២០២២ កំពុង​នាំមុខគេ​ក្នុងចំណោម​ប្រទេស​ខាងលើ ដោយ​ជាប់​ចំណាត់ថ្នាក់​ទី ២៨ ក្នុង​បញ្ជី​ចំណាត់ថ្នាក់​ផ្នែក​កម្លាំង​ទ័ព​របស់ Gobalfirepower។

ក្នុង​បញ្ជី​របស់ Gobalfirepower ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​ទី ២៩ ក្នុងចំណោម​ប្រទេស​ទាំង ១៤២ ដែល​ត្រូវបាន​គណនា​អំពី​អំណាច​យោធា។ ចំណែក កម្ពុជា វិញ ជាប់​ចំណាត់ថ្នាក់​ទី ១០០ ខណៈដែល ប្រទេស​ឡាវ ជាប់​ចំណាត់ថ្នាក់​ទី ១២១៕

Leave a Reply

Your email address will not be published. Required fields are marked *