មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឱ្យដឹងថា ប្រទេសនេះនឹងបន្តការអភិវឌ្ឍ «កម្លាំងវាយប្រហារដ៏គួរឱ្យញញើត» ដែលមិនអាចដោះដូរ និងទិញបាន។
«មានតែបំពាក់អាវុធវាយប្រហារដែលគួរឱ្យញញើត កម្លាំងយោធាខ្លាំងក្លាគ្មាននគរទប់ទល់បាន ទើបយើងអាចទប់ស្កាត់សង្គ្រាម ធានាសន្តិភាពជូនប្រទេសជាតិ និងគ្រប់គ្រងរាល់ការគំរាមកំហែង» ទីភ្នាក់ងារសារព័ត៌មាន KCNA ដកស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ថ្លែងនៅក្នុងពិធីជួបជុំក្រុមមន្ត្រី អ្នកវិទ្យាសាស្ត្រ វិស្វករ និងបុគ្គលិកដែលបានចូលរួមត្រៀមសម្រាប់ការបាញ់មីស៊ីលអន្តរទ្វីប (ICBM) កាលពីថ្ងៃទី ២៤ មីនា។
មេដឹកនាំកូរ៉េខាងជើង ឱ្យដឹងថា ការសាកល្បងបច្ចេកវិទ្យា ICBM ថ្មីបំផុតរបស់ប្រទេសនេះ គឺមានបំណងទប់ស្កាត់រាល់សកម្មភាពយោធារបស់ សហរដ្ឋអាម៉េរិក។
ទីក្រុងវ៉ាស៊ីងតោន បានស្វែងរកវិធីដាក់សម្ពាធលើ ទីក្រុងព្យុងយ៉ាង ក្នុងបំណងបង្ខំឱ្យ កូរ៉េខាងជើង បោះបង់ ឬកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអែរ និង ICBM ដែលមានលទ្ធភាពអាចបាញ់ដល់គោលដៅនានានៅ សហរដ្ឋអាម៉េរិក។ ក៏ប៉ុន្តែ លោក គីម ជុងអ៊ុន បានអះអាងថា កម្លាំងការពារជាតិរបស់ កូរ៉េខាងជើង «មិនអាចត្រូវបានដោះដូរ ឬទិញដោយប្រការណាមួយឡើយ» ហើយថា នឹងរក្សាឱ្យបាន បើទោះជារងទណ្ឌកម្មខ្លាំងក្លាយ៉ាងណាក៏ដោយ។
អំពីកម្លាំងនុយក្លេអែរ លោក គីម ថ្លែងថា កូរ៉េខាងជើង នឹងបន្តកសាង «កម្លាំងយុទ្ធសាស្ត្រល្អឥតខ្ចោះ និងខ្លាំងក្លាជាងមុន»។
សហរដ្ឋអាម៉េរិក កាលពីថ្ងៃទិ ២៥ មីនា បានឱ្យដឹងថា នឹងជំរុញឱ្យ អង្គការសហប្រជាជាតិ បង្កើនការដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង ទាក់ទិននឹងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប កាលពីសប្ដាហ៍មុន របស់ប្រទេសនេះ។ ក៏ប៉ុន្តែ ប្រទេសចិន និង រុស្ស៊ី បានបញ្ជេញសញ្ញាបដិសេធរួចទៅហើយ។
មីស៊ីល Hwasong-១៧ ជាកំណែ ICBM ដំបូងរបស់ កូរ៉េខាងជើង ដែលបានចាប់ផ្ដើមបាញ់សាកល្បងតាំងពីឆ្នាំ ២០១៧ អាចហោះឡើងដល់រយៈកម្ពស់ជាង ៦,២០០ គីឡូម៉ែត្រ និងធ្វើដំណើរបានជិត ១,១០០ គីឡូម៉ែត្រ មុនពេលធ្លាក់នៅ សមុទ្រជប៉ុន។ ក្រុមអ្នកជំនាញអះអាងថា បើសិនត្រូវបានបាញ់ទៅតាមគន្លងគោចរស្ដង់ដា នោះ Hwasong-១៧ អាចបាញ់ដល់រយៈចម្ងាយ ១៣,០០០ គីឡូម៉ែត្រ គ្រប់គ្រាន់សម្រាប់បន្តក់លើគោលដៅនានានៅទូទាំង សហរដ្ឋអាម៉េរិក៕