Skip to content

ក្រោយ កូរ៉េខាងជើង ថា ​ជោគ​ជ័យ​​ក្នុង​ការ​​សាក​ល្បង​​មី​ស៊ី​ល​​អន្តរ​ទ្វីប​ អាម៉េរិក ​ក៏​​ដាក់​ទណ្ឌ​កម្ម​​លើ​​ក្រុម​ហ៊ុន​រុស្ស៊ី ​និង​​កម្ម​វិធី​​អភិវឌ្ឍ​​មី​ស៊ី​ល​ របស់ ​ទីក្រុង​​ព្យុង​យ៉ាង

សហរដ្ឋ​អាម៉េរិក សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន ២ របស់ រុស្ស៊ី និង​ស្ថាប័ន​មួយ​របស់ កូរ៉េខាងជើង ព្រោះ​បានប្រគល់​ទំនិញ​សំខាន់​សម្រាប់​កម្មវិធី​អភិវឌ្ឍ​មី​ស៊ី​ល របស់ ទីក្រុង​ព្យុងយ៉ាង។

ទណ្ឌកម្ម​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី ២៤ មីនា គឺ​សំដៅលើ​ក្រុមហ៊ុន ២ របស់ រុស្ស៊ី រួមមាន Ardis Group និង PFK Profpodshipnik LLC រួម​នឹង​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ធម្មជាតិ​លេខ​ពីរ​របស់ កូរ៉េខាងជើង។ ទីក្រុង​វ៉ា​ស៊ី​ង​តោន ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ពលរដ្ឋ​រុស្ស៊ី Igor Aleksandrovich Michurin និង​ពលរដ្ឋ​កូរ៉េខាងជើង Ri Sung-chol ផងដែរ។

«ទណ្ឌកម្ម​នេះ​គឺជា​មួយផ្នែក​នៃ​ការប្រឹងប្រែង​ទប់ស្កាត់​លទ្ធភាព​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​របស់ កូរ៉េខាងជើង» អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាម៉េរិក Ned Price បានបញ្ជាក់​ដូច្នេះ។

ការសម្រេច​ដាក់ទណ្ឌកម្ម​របស់ សហរដ្ឋ​អាម៉េរិក នេះ ត្រូវបាន​លើកឡើង​ក្នុង​ថ្ងៃ​ជាមួយគ្នា​ដែល កូរ៉េខាងជើង ប្រកាសថា បាន​សាកល្បង​បាញ់​កាំជ្រួច​ផ្លោង​អន្តរទ្វីប​ថ្មី Hwasong-១៧ ពី​ព្រលានយន្តហោះ​ព្យុងយ៉ាង ដោយ​ជោគជ័យ ក្រោម​វត្តមាន​តាមដាន​របស់​លោក គីម ជុន​អ៊ុន។

«មី​ស៊ី​ល ត្រូវបាន​បាញ់​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ព្យុងយ៉ាង ហោះ​ដល់​កម្ពស់​អតិបរមា ៦,២៤៨.៥ គីឡូម៉ែត្រ និង​ហោះ​បាន​រយៈ​ចម្ងាយ ១,០៩០ គីឡូម៉ែត្រ ក្នុង​រយៈពេល ៤,០៥២ វិនាទី មុនពេល​សំដៅចំ​គោលដៅ​ដែល​បានកំណត់» នៅឯ​សមុទ្រ​ជប៉ុន នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កូរ៉េខាងជើង (KCNA)។

នេះ​អាចជា​ការបាញ់​សាកល្បង ICBM ធំ​បំផុត​របស់ កូរ៉េខាងជើង និង​ជា​លើកដំបូង​ដែល ទីក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​អន្តរទ្វីប រាប់​ចាប់តាំងពី​ឆ្នាំ ២០១៧។

Leave a Reply

Your email address will not be published. Required fields are marked *